អាមេរិក ៖ កាលពីថ្ងៃអង្គារ ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោក Emmanuel Macron បានឈ្លោះប្រកែកគ្នាជុំវិញអនាគតរបស់អង្គការណាតូ ខណៈមេដឹកនាំបារាំងបានវាយប្រហារប្រទេសតួកគី និងបានទាមទារឲ្យសម្ព័ន្ធភាពនេះពិចារណាឡើងវិញនូវយុទ្ធសាស្ត្ររបស់ខ្លួន។
ការឈ្លោះប្រកែកគ្នា៣ភាគីបានគ្របដណ្តប់លើការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលខួបលើកទី៧០របស់សម្ព័ន្ធភាពមួយនេះនៅទីក្រុងឡុងដ៍ដោយបានគំរាមកំហែងធ្វើឲ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពីការឯកភាពគ្នាស្របពេលប្រឈមមុខនឹងប្រទេសរុស្ស៊ី និងចិន។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Macron បានព្យាយាមផ្លាស់ប្តូររបៀបវារៈនៃកិច្ចប្រជុំនេះដោយទាមទារឲ្យពិនិត្យឡើងវិញនូវយុទ្ធសាស្ត្ររបស់អង្គការណាតូប៉ុន្តែលោក Trump បានវាយបកទៅវិញបន្ទាប់ពីបានអួតអាងថា លោកគឺជាអ្នកបង្ខំឲ្យសមាជិកបង្កើនការចំណាយលើវិស័យការពារជាតិ។
លោក Trump បានលើកឡើងថា “ខ្ញុំគិតថានេះគឺជាការប្រមាថយ៉ាងខ្លាំង”។ លោកនិយាយបែបនេះដោយសំដៅទៅលើការអះអាងរបស់លោក Macron កាលពីខែមុនដែលថា អង្គការណាតូមិនចេះពិចារណាហើយគួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតទៅលើក្រុមភេរវករឥស្លាមនិងបើកការសន្ទនាជាយុទ្ធសាស្ត្រឡើងវិញជាមួយប្រទេសរុស្ស៊ី។លោកបានព្រមានថា “គ្មានប្រទេសណាត្រូវការណាតូជាងប្រទេសបារាំងនោះទេ។ វាជាសេចក្តីថ្លែងដ៏គ្រោះថ្នាក់បំផុតសម្រាប់ពួកគេ”។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកលោក Trump បានបន្ទន់វោហាសាស្ត្ររបស់លោកនៅក្នុងការបង្ហាញខ្លួនរួមគ្នាជាមួយលោក Macron ប៉ុន្តែមេដឹកនាំបារាំងបានបង្ហាញសេចក្តីថ្លែងការណ៍របស់លោកហើយបានចោទប្រកាន់ប្រទេសទួរគីថា បានធ្វើការជាមួយក្រុមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី។ លោកបានកត់សម្គាល់ថា ប្រទេសទួរគីបានវាយប្រហារទៅលើកងជីវពលឃើដដែលបានគាំទ្រសម្ព័ន្ធមិត្តប្រឆាំងនឹងក្រុមរដ្ឋឥស្លាមហើយបានចោទប្រកាន់រដ្ឋាភិបាលក្រុងអង់ការ៉ាថាបានធ្វើការជាមួយបក្សពួកក្រុម ISIS៕