ប្រជាកសិករខេត្តព្រះវិហាររីករាយជាមួយតម្លៃស្រូវសរីរាង្គឡើងខ្ពស់គួរជាទីពេញចិត្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2019 ក+ ក-

ខេត្តព្រះវិហារ ៖ កិច្ចសន្យាជួយកសិករដាំស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ បានធ្វើឱ្យប្រជាកសិករសប្បាយរីករាយដោយសារតម្លៃស្រូវគួរជាទីគាប់ចិត្ត។សហគមន៍កសិករផលិតស្រូវសរីរាង្គ នៅក្នុងខេត្តព្រះវិហារ បានសម្ដែងការត្រេកអរដែលបានសហការជាមួយក្រុមហ៊ុននាំចេញអង្ករ ព្រោះតែឆ្នាំនេះ ការប្រមូលផលស្រូវទទួលបានទិន្នផលល្អប្រសើរ ចំណែកឯតម្លៃទទួលបានជាទីគាប់ចិត្ត។

លោក សំបូរ ប្រធានសហគមន៍កសិកម្មរក្សាស្ទឹងសែនមានជ័យ ក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ បាននិយាយថា ក្នុងឆ្នាំ២០១៩ នេះសហគមន៍មានកសិករចំនួន ២២៧នាក់ មានផ្ទៃដី ៧៧៤ហិកតា។ពួកគាត់បានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់ជូនក្រុមហ៊ុន AmruRice លើបរិមាណស្រូវចំនួន ១.៣១៥តោន ក្នុងឆ្នាំ២០១៩ នេះ។ គិតមកត្រឹមដើមសប្ដាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សហគមន៍លក់ស្រូវសិរីរាង្គ ជូនក្រុមហ៊ុនបានជិត ៥០ភាគរយហើយ។

លោក សំបូរ បានឱ្យដឹងទៀតថា«កន្លងមកសហគមន៍យើងខ្ញុំបានបញ្ចេញស្រូវសើមបាន ៣០០តោនហើយថ្មីៗនេះ បានបញ្ចេញស្រូវស្ងួតចំនួន ៤០០តោនទៀត ក្នុងតម្លៃទិន្នផលគម្រោង AmruRice ដាក់ឱ្យនេះបានធ្វើឱ្យទាំងខ្ញុំ និងកសិករអាចទទួលយកបាន»។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម ខេត្តព្រះវិហារ បានឱ្យដឹងថា នៅឆ្នាំ២០១៩ នេះ នៅទូទាំងខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន ៣៤បានចុះកិច្ចសន្យាសរីរាង្គ ជូនក្រុមហ៊ុនចំនួន ៣មានក្រុមហ៊ុនស៊ីកនេត ឈ័រអហ្វ អេស៊ា,ក្រុមហ៊ុន AmruRice និងក្រុមហ៊ុន GoldenRice ដែលប្រជាសហគមន៍ទាំង ៣៤មានប្រមាណ ៥៣១៤គ្រួសារ ដែលបានចុះកិច្ចសន្យាលក់ជូនក្រុមហ៊ុនទាំង ៣ នេះ លក់បរិមាណស្រូវប្រមាណ ២ម៉ឺនតោន ហើយរហូតមកដល់ពេលនេះ សហគមន៍បានលក់ជូនក្រុមហ៊ុនប្រមាណ ៦០ភាគរយហើយដែរ»។

លោកបានបញ្ជាក់ទៀតថា «បើធៀបតម្លៃជាមួយឈ្មួញកណ្ដាល ឃើញថា ការលក់ឲ្យក្រុមហ៊ុនទាំង ៣នេះលើសតម្លៃចន្លោះពី ២០០ ទៅ ២៥០ រៀលក្នុងមួយគីឡូក្រាម ដោយក្រុមហ៊ុនឱ្យតម្លៃថ្លៃជាងសម្រាប់ស្រូវសរីរាង្គដែលបានចុះកិច្ចសន្យា»។ លោកបន្ថែមថា ប្រជាពលរដ្ឋរីករាយជាខ្លាំងដោយលក់ជូនក្រុមហ៊ុនសម្រាប់ស្រូវសើមលេខ ១ តម្លៃ ១.៣១០រៀលក្នុងមួយគីឡូក្រាម។ ស្រូវសើមលេខ  ២ តម្លៃ ១.២៦០រៀលក្នុងមួយគីឡូក្រាម។ស្រូវស្រពាប់លេខ ១ តម្លៃ ១.៤៤០រៀលក្នុងមួយគីឡូ។ ស្រូវស្រពាប់លេខ ២តម្លៃ១.៤១០រៀលក្នុងមួយគីឡូក្រាម។ ស្រូវស្ងួតលេខ១ តម្លៃ ១.៥៩០រៀលក្នុងមួយគីឡូក្រាម និងស្រូវស្ងួតលេខ ២ តម្លៃ ១.៤៩០រៀលក្នុងមួយគីឡូក្រាម៕ ដោយ ៖ ពិសិដ្ឋ