ខេត្តឧត្តរមានជ័យ ៖ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានជូនដំណើរសមាជិកសមាគម ចំនួន១០១គ្រួសារ ដែលស្ម័គ្រចិត្តទៅរស់នៅខេត្តឧត្តរមានជ័យ ដោយទទួលបានផ្ទះ និងដីធ្លីត្រឹមត្រូវពិតប្រាកដ ក្រោយពីពួកគាត់បានចាប់ឆ្នោតយកផ្ទះ និងការផ្តល់ដីលំនៅឋានដែលបានកសាងរួចរាល់ចំនួន១០១ខ្នង ពីសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ កាលពីកន្លងទៅនេះ។
ការជូនដំណើរសមាជិកសមាគអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តាមមធ្យោបាយរថយន្តក្រុងចំនួន៦គ្រឿង ចេញដំណើរពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តឧត្តរមានជ័យ ដែលមានការជួយផ្គត់ផ្គង់ឧបត្ថម្ភថវិកាសម្ភារៈ និងការចំណាយផ្សេងៗ ពីសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ក្រោមការដឹកនាំដោយអភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសសមាគអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញលោក ឃួង ស្រេង និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញដែលធ្វើដំណើរទៅរស់នៅខេត្តឧត្តរមានជ័យ ក៏បានលើកឡើងសំដែងចេញនូវទឹកចិត្តរីករាយដែលសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូសុខទុក្ខ និងការរស់នៅរបស់ពួកគាត់។ ពួកគាត់ក៏សូមថ្លែងអំណគុណ និងប្តេជ្ញាតស៊ូទៅរស់នៅទីនោះដើម្បីកសាងជីវភាពថ្មី។
សូមបញ្ជាក់ថា សមាជិកសមាគម១០១គ្រួសារ ពួកគាត់នៅភ្នំពេញ គ្មានផ្ទះ និងទីជម្រកពិតប្រាកដនោះទេ ពួកគាត់រស់នៅបច្ចុប្បន្នក្នុងតំបន់អនាធិបតេយ្យ និងជួលផ្ទះគេរស់នៅបណ្តោះអាសន្ន ក្នុងជីវភាពលំបាក។ ពួកគាត់ក៏បានដាក់ពាក្យស្នើសុំមកសមាគមអតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ ដើម្បីជួយដោះស្រាយផ្ទះ និងដីធ្លីមួយចំនួនសម្រាប់បង្កបង្កើនផលផ្គត់ផ្គង់ជីវភាពឱ្យកាន់តែល្អប្រសើរ។ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងការឆ្លើយតបទៅនិងគុណបំណាច់របស់ពួកគាត់ដែលលះបង់សព្វបែបយ៉ាង ដើម្បីជាតិនិងមាតុភូមិក៏បានគិតគូ រកដីសម្បទានសង្គមកិច្ច និងបានកសាងផ្ទះជូនដល់ពួកគាត់១០១គ្រួសារ នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីដោះស្រាយការលំបាក។ ផ្ទះកសាងអំពីឈើប្រក់ស័ង្កសីទំហំ ៤ម៉ែត្រគុណ ៦ម៉ែត្រ លើដីលំនៅឋាន ៣០ម៉ែត្រ គុណ ៨០ម៉ែត្រ បំពាក់ដោយភ្លើងសូឡា មានស្រះទឹកមួយ ទំហំ១០០ម៉ែត្រគុណ១០០ម៉ែត្រ ជម្រៅ៤ម៉ែត្រ និងអណ្តូងទឹកស្នប់ចំនួន ៣អណ្តូង ដែលមានការជួយឧបត្តម្ភពីសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ៕