ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការដុតបំផ្លាញទំនិញក្លែងក្លាយចំនួន ១២មុខ សរុបជាង ១០០តោន នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ទំនិញក្លែងក្លាយទាំងនោះរួមមាន ៖ សំបកកញ្ចប់បារីគ្រប់ប្រភេទ, សំបកសុងបារីចម្រុះ, បារីចម្រុះម៉ាក, សសៃថ្នាំជក់, ឧបករណ៍សម្ភារៈបម្រើឱ្យការផលិតបារី, ផលិតផលគ្រឿងសំអាងគ្រប់ប្រភេទ, ឧបករណ៍សម្ភារៈបម្រើឱ្យការផលិតគ្រឿងសំអាង, ផលិតផលធូប និងធូបមូស។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានសូមសំណូមពរដល់អង្គភាព និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត និងសំណូមពរប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការផ្តល់ព័ត៌មាន ជូនសមត្ថកិច្ចក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងផលិតផលផ្សេងៗ ដែលខុសច្បាប់ដើម្បីចូលរួមទប់ស្កាត់ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក តេង សាវង្ស បានគូសបញ្ជាក់ថា គោលដៅដែលនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការបង្ក្រាបនេះ គឺជាទីតាំងលួចលាក់ផលិត ដែលមិនមានអាជ្ញាប័ណ្ណ ឬទិដ្ឋាការពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងពីក្រសួងសុខាភិបាលនោះទេ ហើយផលិតផលដែលលួច លាក់ផលិតនោះគឺ ៖ ជាផលិតផលដែលពុំមានការត្រួតពិនិត្យត្រឹមត្រូវ និងបានក្លែងបន្លំម៉ាក សញ្ញារបស់ក្រុមហ៊ុន ដែលមានសិទ្ធិស្របច្បាប់ទៀតផង៕