នគរបាល​រាជធានី​ភ្នំពេញ​ត្រៀមកម្លាំង​ជាង​៨០០​នាក់​ការពារ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2019 ក+ ក-

 ​ភ្នំពេញ ៖ កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ជាង​៨០០​នាក់​បាន​ប្រមូលផ្តុំ​ជា​ទ្រង់ទ្រាយ​ធំ​ទទួល​ផែនការ​និង​បទបញ្ជា​ថ្នាក់លើ ដើម្បី​ចេញ​ប្រតិបត្តិ​ការពង្រឹង​សន្តិសុខ ថែរក្សា​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​កំពូលៗ​មកពី​បណ្តា​ប្រទេស​នានា​ដែល​គ្រោង​ចូលរួម​ក្នុង កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

​លោក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​រំលឹក​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​ប្រមូលផ្តុំ​និង​ការគ្រប់គ្រង​កម្លាំង​ឱ្យបាន​ច្បាស់លាស់​ហើយ​ត្រូវ​មានមុខ​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​សហការ​ចេញ​ដោះស្រាយ​សភាពការណ៍​សន្តិ​សុខ និង​ការចេញ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​និង​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ទៀត ។

​លោក​បន្តថា ជាពិសេស​ត្រូវ​ធានា​ឱ្យបាន​សុវត្ថិភាព​គ្រប់គ្រាន់​ជូន​ដល់​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​កំពូល​ទាំង​នៅក្នុង​ប្រទេស​និង​ថ្នាក់ដឹកនាំ​កំពូល​បណ្តា​ប្រទេស​ដែល​នឹងត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេលខាងមុខ​នេះ ។ លោក​បន្តថា កិច្ចការងារ​ការពារ​សន្តិសុខ​ឱ្យ​រឹងមាំ​នេះ​ផងដែរ​ឯក​ឧ​ត្ត​ក៏បាន​រំលឹក​ត្រូវតែ​ទាមទារ​មាន​កម្លាំង​គ្រប់គ្រង​ក្នុង​ដៃ​ឱ្យបាន​គ្រប់គ្រាន់​នៅពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង​កម្លាំង​ត្រូវ​ចេញ​ប្រតិបត្តិការ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​សភាពការណ៍​ទាន់ពេលវេលា​។​

​លោក ស ថេត ក៏បាន​ជម្រុញ​ផងដែរ​ឱ្យ​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវគោរព​វិន័យ​កងកម្លាំង​នគរបាលជាតិ​ឱ្យបាន​ម៉ឺងម៉ាត់ ទាំង​ស្លៀកពាក់​ឯកសណ្ឋាន​ឱ្យបាន​សមរម្យ ការគោរព​ថ្នាក់ដឹកនាំ​និង​គោរព​អនុវត្ត​បទបញ្ជា​ថ្នាក់លើ ។ ចៀសវាង​ធ្វើ​សកម្មភាព​ទាំងឡាយណា​ខុសពី​ព​វិន័យ​កងកម្លាំង​នគរបាលជាតិ​និង​ខុស​គោលការណ៍​ច្បាប់ ៕