អង្គការជនពិការដាក់តាំងបង្ហាញស្នាដៃក្នុងពិព័រណ៍«ផ្សារណូអែល»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2019 ក+ ក-

ភ្នំពេញ ៖ ស្នាដៃសិល្បៈសិប្បកម្ម របស់អង្គការជនពិការ និងអង្គការជាច្រើនទៀត ត្រូវបានយកបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងពិព័រណ៍ជាលើកទី៥ មានឈ្មោះថា«ផ្សារណូអែល» រយៈពេលពីរថ្ងៃនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី។

ព្រឹត្តិការណ៍តាំងពិព័រណ៍ជាលើកទី៥ មានឈ្មោះ «ផ្សារណូអែល»ដែលជាការរៀបចំរបស់សណ្ឋាគារ ហ៊ីម៉ាវ៉ារី នៅពេលនេះ ក្នុងគោលបំណងអបអរ និងគាំទ្រស្នាដៃសិល្បៈសិប្បកម្ម ព្រមទាំងសមិទ្ធផលការងារផ្សេងៗជាច្រើនរបស់បណ្តាសមាគម អង្គការក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជា ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា និងទិញផលិតផលរបស់ខ្មែរ ។ លោក គឹម ថា ប្រធានសមាគមសិប្បកម្មកម្ពុជា សម្រាប់ជនពិការដោយគ្រាប់ មីន និងពិការដោយស្វិតដៃជើង បានបញ្ជាក់ថា ការតាំងពិពរណ៏នេះ បានចូលរួមចំណែកជួយជនពិការ ក្នុងការតាំងលក់ស្នាដៃសិល្បៈ និងវត្ថុអនុស្សាវរីយ៏ជាច្រើន ដែលជនពិការផលិតបាន។ លោកបាននាំយកផលិតផលជាង៥០មុខ ដែលកែច្នៃ និងផលិតដោយដៃផ្ទាល់របស់ជនពិការ ។

លោក ឡាយ ចំរើន អ្នកគ្រប់គ្រងសិប្បកម្មសង្គមឆ្លាតវៃ ច្នៃកាបូបបានឲ្យដឹងថា ដែរថា សហគ្រាសរបស់លោក ផ្តល់ឱកាសដល់ជនពិការ មកសិក្សា និងកែច្នៃ ពោះវៀន រឺកង់រថយន្តឲ្យទៅជាកាបូប និងសម្ភារៈប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គង់ ផ្គង់ជីវភាព។ ផលិតផលចំនួន១០មុខ ត្រូវបានសហគ្រាសរបស់លោកយកតាំង បង្ហាញក្នុងពិពរណ៏លើកនេះ។
លោក អាន់ឌ្រូ តេ អគ្គនាយកសណ្ឋាគារហ៊ីម៉ាវ៉ារី បានមានប្រសាសន៏ថា ការរៀបចំពិពរណ៏នេះឡើង បានផ្តល់ឱកាសដ៏សំខាន់សម្រាប់អង្គការជនពិការ កុមារកំព្រា ទទួលបានចំណូលបន្ថែមពីការលក់វត្ថុអនុស្សាវរីយ៏ពីសំណាក់ភ្ញៀវ នៅក្នុងសណ្ឋាគារផ្ទាល់។

គួរបញ្ជាក់ដែរថា រយៈពេលពីរថ្ងៃនៃការតាំងពិពរណ៏នេះ មានប្រជាពលរដ្ឋ ភ្ញៀវ ជាតិ និងអន្តរជាតិជាច្រើន នាក់បានចូលរួមទស្សនា និងទិញផលិតផលសិល្បៈ សិប្បកម្មដែលជាការច្នៃដោយផ្ទាល់របស់ជនពិការ។ អង្គការជនពិការចំនួន៣២ ត្រូវបានផ្តល់ឱកាសក្នុងការចូលរួមក្នុងការតាំងបង្ហាញវត្ថុអនុស្សាវរីយ៏នៅក្នុងពិពរណ៏នេះ៕