ឆែក ៖ ក្រុមអាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៦នាក់កាលពីថ្ងៃអង្គារនៅឯបន្ទប់រង់ចាំមន្ទីរពេទ្យមួយនៅភាគខាងកើតនៃទីក្រុង Ostrava ប្រទេសឆែកក្នុងការវាយប្រហារដែលមិនអាចពន្យល់បាន។ វាជាការបាញ់ប្រហារដ៏អាក្រក់បំផុតនៅសាធារណរដ្ឋឆែកចាប់តាំងពីបុរសម្នាក់បានបាញ់សម្លាប់មនុស្ស៨នាក់នៅឯភោជនីយដ្ឋានមួយក្នុងទីក្រុង Uhersky Brod កាលពីឆ្នាំ២០១៥។
ប៉ូលីសបាននិយាយថា ពួកគេបានទទួលការហៅទូរស័ព្ទអំពីការបាញ់ប្រហារមួយនៅម៉ោង ៧ និង ១៩នាទីព្រឹកនៅមន្ទីរពេទ្យសាកលវិទ្យាល័យក្នុងទីក្រុង Ostrava ជិតព្រំដែនជាមួយប្រទេសប៉ូឡូញហើយមន្ត្រីប៉ូលីសបានស្ថិតនៅកន្លែងកើតហេតុ ៥ នាទីក្រោយមក ខណៈដែលពួកគេកំពុងតាមរកជនដៃដល់ផងដែរ។
ប៉ូលីសបានបង្ហោះនៅលើបណ្តាញសង្គម Twitterនូវរូបភាពរបស់បុរសម្នាក់ដែលពួកគេបានកំណត់ពីដំបូងថា ជាជនសង្ស័យ ប៉ុន្តែក្រោយមកត្រូវបានបញ្ជាក់ច្បាស់ថាជាសាក្សីទៅវិញដោយនិយាយថាពួកគេក៏កំពុងតែស្វែងរកមនុស្សម្នាក់ផ្សេងទៀតផងដែរ។ ទូរទស្សន៍ឆែកបានរាយការណ៍ថា ប៉ូលិសបាននាំបុរសម្នាក់ចេញពីមន្ទីរពេទ្យដោយដាក់ខ្នោះដៃប៉ុន្តែមិនបានបញ្ជាក់ថាគាត់ជាជនសង្ស័យឬក៏យ៉ាងណានោះទេ ។
នាយករដ្ឋមន្ត្រីលោក Andrej Babis បានប្រាប់ទូរទស្សន៍ដដែលថាការបាញ់ប្រហារនេះបានកើតឡើងនៅជិតបន្ទប់រង់ចាំ ខណៈដែលរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Adam Vojtech បាននិយាយថា មនុស្ស៦នាក់បានស្លាប់ ។ បន្ទាប់មកបុគ្គលិកមន្ទីរពេទ្យត្រូវបានជម្លៀសចេញ ហើយប៉ូលីសសកំពុងធ្វើការដើម្បីការពារតំបន់ជុំវិញនោះ ខណៈដែលលោក Hamacek និងលោក Babis ក៏បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Ostravaផងដែរដែលមានចម្ងាយ ៣៥០ គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានី Prague ៕