អាមេរិក ៖ អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦ នាក់ ក្នុងនោះមានមន្ត្រីប៉ូលិសម្នាក់ ជនស៊ីវិល ៣ នាក់និងជនសង្ស័យ ២ នាក់ត្រូវបានសម្លាប់នៅក្នុងការការបាញ់ប្រហារមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅឯទីក្រុង Jersey នៃរដ្ឋ New Jersey ភាគឦសានសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពពី CGTN ។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ប៉ូលិសពីរនាក់ និងជនស៊ីវិលម្នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។ មន្ត្រីប៉ូលិសបាននិយាយថា ភាគច្រើននៃសាកសពជនរងគ្រោះត្រូវបានគេរកឃើញនៅឯផ្សារទំនើប kosher grocery ដែលស្ថិតនៅភាគខាងត្បូងទីក្រុង Jersey បន្ទាប់ពីមានការបាញ់ប្រហារត្រូវបានគេរាយការណ៍។
អាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់គឺបុរសម្នាក់ និងស្ត្រីម្នាក់បានបើកការបាញ់ប្រហារនៅខាងមុខផ្សារទំនើប kosher grocery លើហ្វូងមនុស្សដែលកំពុងដើរឆ្លងកាត់។ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ពីចេតនា នៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ៕