អាមេរិក ៖ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតី Donald Trump បានព្រមានទីក្រុងមូស្គូកុំឲ្យជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំក្រោយ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានច្រានចោលបញ្ហានេះអំឡុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន។
នៅថ្ងៃដែលក្រុមអ្នកប្រជាធិបតេយ្យបានបង្ហាញការចោទប្រកាន់ប្រឆាំងលោក Trump ពាក់ព័ន្ធនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោត, រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីលោក Sergei Lavrov បានជួបលោក Trump នៅសេតវិមានបន្ទាប់ពីនិយាយថា លោកស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយសេតវិមានបាននិយាយថា លោក Trump បានព្រមានប្រឆាំងនឹងការប៉ុនប៉ងណាមួយរបស់រុស្ស៊ីដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកនិងបានជំរុញឲ្យរុស្ស៊ីដោះស្រាយជម្លោះជាមួយអ៊ុយក្រែន។ ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានរកឃើញថា ប្រទេសរុស្ស៊ីបានរៀបចំបណ្តាញសង្គមដើម្បីបង្វែរការបោះឆ្នោតឆ្នាំ២០១៦ឲ្យទៅគាំទ្រលោក Trump។
ប្រធានាធិបតីរូបនេះបានបញ្ចេញទ្រឹស្តីមួយទៀតប៉ុន្តែត្រូវបានច្រានចោលដោយចារកម្មអាមេរិកដែលលោកនិយាយថា ការពិតគូប្រជែងអ៊ុយក្រែនឯណោះទេដែលបានជ្រៀតជ្រែកក្នុងការបោះឆ្នោត។ អំឡុងសន្និសិទកាសែតជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Mike Pompeo, លោក Lavrov បានលើកឡើងអំពីគំនិតពាក់ព័ន្ធនឹងផែនការអ៊ុយក្រែននេះដោយនិយាយថា វាបង្ហាញពីភាពមិនសមហេតុផលទាល់តែសោះនៃការចោទប្រកាន់ប្រឆាំងនឹងយើង។
គួរបញ្ជាក់ថា លោក Trump កំពុងប្រឈមមុខនឹងការប្តឹងទម្លាក់តំណែងបន្ទាប់ពីសេតវិមានបានពន្យារជំនួយជាទឹកប្រាក់ជិត៤០០លានដុល្លារដល់ប្រទេសអ៊ុយក្រែនដែលកំពុងប្រយុទ្ធជាមួយក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីខណៈលោកបានជំរុញឲ្យទីក្រុងគៀវស៊ើបអង្កេតការបោះឆ្នោតនិងទម្លាយព័ត៌មានកខ្វក់អំពីគូប្រជែងក្នុងស្រុករបស់លោកគឺលោក Joe Biden៕