ខេត្តឧត្តរមានជ័យ ៖ កម្លាំងនគរបាលជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនឆ្លងដែននៅភូមិសាស្ត្រខេត្តខេត្តឧត្តរមានជ័យ រហូតចាប់មេខ្លោងជួញដូរចំនួន២នាក់ ជាជនជាតិថៃ ព្រមទាំងរឹបអូសថ្នាំញៀនបានជិត ៨គីឡូក្រាម។
ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០១៩ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន «ក៩» បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿង ញៀនឆ្លងដែនពីថៃមកកម្ពុជា (ឆ្លងកាត់តាមច្រកព្រំដែនអូស្មាច់) ដោយមានការចូលរួមសហការពីកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត នៅចំណុច ផ្លូវជាតិលេខ៦៨ ស្ថិតនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្ត ឧត្ដរមានជ័យ។
ជនសង្ស័យទាំង២នាក់ ដែលឃាត់បានរួមមាន ៖ ទី១-ឈ្មោះ ប្រាក់ ស៊ុប ជនជាតិថៃ អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ ទី២-ឈ្មោះ ណាត ថាភុន អាយុ៤២ឆ្នាំ ជនជាតិថៃ មុខរបរ ជាងជួសជុលរថយន្ត រស់នៅភូមិប្រាសាទ ស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ។ ដោយឡែកវត្ថុតាងជាសារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន០៨ដុំធំ ស្មើនឹងទម្ងន់ ៧.៩៧៩,៥៦ក្រាម និងរថយន្ត០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីកសាងសំណុំរឿង បន្តទៅតុលាការតាមនីតិវិធី៕