ខេត្តកំពង់ឆ្នាំង ៖ រដូវកាលធ្វើប្រហុក ផ្អក និងត្រីឆ្អើរបានមកដល់ ប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ គឺបានប្រញាប់ប្រញាល់មកទិញត្រីសម្រាប់ទុកធ្វើប្រហុក ដើម្បីទុកបរិភោគ និងខ្លះទៀតទិញត្រីសម្រាប់ធ្វើប្រហុក ដើម្បីយកទៅលក់បន្តនៅតាមទីផ្សារ។
សម្រាប់ឆ្នាំនេះ ប្រជាពលរដ្ឋដែលជាអ្នកធ្វើប្រហុក ផ្អក និងត្រីឆ្អើនៅតាមដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងបានអះអាងថា ទិន្នផលត្រីដែលនេសាទបានឆ្នាំនេះខ្សត់ជាងមុន រីឯទំហំត្រីក៏តូចជាងឆ្នាំមុនផងដែរ។ ប្រជាពលរដ្ឋដដែលបន្តថា ដោយសារតែបរិមាណត្រីមិនសូវសំបូរបែបនេះហើយ បានធ្វើឲ្យមានការប្រជែងទិញពីសំណាក់ឈ្មួញធ្វើប្រហុកយកទៅលក់បន្តនៅតាមទីផ្សារបានធ្វើឲ្យតម្លៃត្រីក៏មានការឡើងថ្លៃដែរ។
គួរបញ្ជាក់ថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ បានប្រកាសដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក និងត្រីឆ្អើរ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ អាចទិញត្រីឲ្យបានរួសរាន់ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែធ្នូ ដែលជាអំឡុងពេលមួយដែលទិន្នផលត្រី បានមកពីការនេសាទមានច្រើន៕