នាយករដ្ឋមន្ត្រី ប្រាប់កុំឲ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ បន្ទាបតម្លៃស្រូវរបស់កសិករ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2019 ក+ ក-

ភ្នំពេញ ៖ រដូវប្រមូលផលស្រូវរដូវវស្សាឈានចូលមកដល់ ប្រជាកសិករត្អូញត្អែរពី តម្លៃស្រូវធ្លាក់ថ្លៃ ដោយសារឈ្មួញជាអ្នកបន្ទាបតម្លៃស្រូវ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យរោងម៉ាស៊ីនកិនស្រូវទាំងអស់ កុំបន្ទាបតម្លៃស្រូវរបស់កសិករជ្រុលហួសហេតុ ទោះបីបរិមាណស្រូវច្រើន លើសតម្រូវការក៏ដោយ។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីជិត៧ពាន់នាក់ នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្ម ឲ្យតាមដាន និងពិនិត្យតម្លៃស្រូវរបស់កសិករ ធ្វើយ៉ាងណាកុំឲ្យឈ្មួញ បន្ទាបតម្លៃស្រូវរបស់កសិករហួសហេតុ។ សម្តេចតេជោ បានអំពាវនាវឲ្យម្ចាស់ រោងម៉ាស៊ីនកិនស្រូវទាំងអស់ ក៏កុំបង្អាប់តម្លៃស្រូវរបស់កសិករ គ្រាដែលទិន្នផលស្រូវច្រើននៅពេលប្រមូលផលស្រូវ។ ការអំពាវនាវរបស់សម្តេចតេជោ នៅពេលនេះ នៅគ្រាដែលកសិករ ជាច្រើនបានត្អូញត្អែរពីតម្លៃស្រូវធ្លាក់ចុះ ក្នុងខែនេះ ដោយអំពាវនាវឲ្យរាជរដ្ឋាភិបាលជួយដល់ពួកគាត់។ តាមរយៈនេះ រាជរដ្ឋាភិបាល បានបញ្ចេញថវិកាប្រមាណ៥០លានដុល្លារអាមេរិក ដល់ធនា គារអភិវឌ្ឍជនបទ ដើម្បីជួយកសិករ កុំឲ្យតម្លៃស្រូវធ្លាក់ថ្លៃខ្លាំងពេក។

 

សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃចន្ទ បានឲ្យដឹងថា តម្លៃស្រូវគុណភាពល្អ ផ្កាម្លិះ ផ្ការំដួល និង សែនក្រអូប មានតម្លៃធ្លាក់ចុះបន្តិចបន្តួចគឺប្រហែល១០០រៀលក្នុងមួយគីឡូក្រោមប៉ុណ្ណោះ តែមិនអាក្រក់ដូចការផ្សាយតាមប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក រហូតដល់ថា ចុះថោករហូតដល់គ្មានទីផ្សារនោះទេ។ តម្លៃស្រូវដែលធ្លាក់ចុះនោះ គឺជាស្រូវដែលមានគុណភាពអន់ បាក់ច្រើន អង្ករដើមភាគរយតិច ជាក់ស្តែងដូចជា ស្រូវម្លិះ និង សូម៉ាលីកន្លះ តំបន់មួយចំនួននៃខេត្តពោធិ៍សាត់គឺ មិនមានក្លិនក្រអូប អង្កររឹង ដែលអតិថិជនមិនទួលយកបាននៅទីផ្សារ។

សេចក្តីប្រកាសបន្តថា គុណភាពស្រូវមកពីតំបន់ខ្លះនៃខេត្តបន្ទាយមានជ័យ និងសៀមរាប មានបញ្ហាផងដែរ ដោយសារគុណភាពបាក់ច្រើន និងជម្ងឺអុចលើគ្រាប់ស្រូវ។ តែស្រូវនៅតំបន់មួយចំនួននៃខេត្តកំពង់ស្ពឺ តាកែវ កំពត និងខេត្តកណ្តាល គឺមានគុណភាពខ្ពស់ តម្លៃពេញ ហើយរោងម៉ាស៊ីនកិនស្រូវប្រមូលទិញមិនគ្រប់តម្រូវការនៅឡើយ។ តំលៃស្រូវក្រអូបរបស់យើង គឺមានតំលៃ ប្រហាក់ប្រហែលប្រទេសថៃ គឺ៧បាតសំរាប់ប្រភេទពូជប្រហាក់ប្រហែលគ្នា។ បើតាមការប្រមូលទិន្នន័យរបស់លេខាធិការដ្ឋានពីរោងម៉ាស៊ីនកិនស្រូវសំខាន់ៗចំនួន៤៦រោងម៉ាស៊ីនកិនស្រូវ បានបង្ហាញឃើញថា បរិមាណស្រូវដែលមានស្តុកស្រូវជាក់ស្តែងត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺមានជាង ៣៥ម៉ឺនតោនស្រូវ ដោយមិនគិតការទិញចូល និងកិនលក់ចេញពេលចាប់ផ្តើមប្រមូលផល។ ធនាគារអភិវឌ្ឍន៍ជនបទ បានប្រកាសអោយម្ចាស់រោងម៉ាស៊ីនកិនស្រូវ ដែលខ្វះទុនអាចទំនាក់ទំនងមកកាន់ធនាគារ ដើម្បីបំពេញលក្ខខ័ណ្ឌ យកកញ្ចប់ថវិកាទៅប្រើប្រាស់ទិញស្រូវផ្ការំដួល និងស្រូវសែនក្រអូបពីកសិករ ដែលចាប់ផ្ដើមប្រមូលផងចាប់ពីសប្ដាហ៍ទី២នៃខែធ្នូ នេះតទៅ ។

គួររំលឹកថា សម្រាប់ឆ្នាំ ២០១៩នេះ ចិនគឺជាទីផ្សារធំសម្រាប់ការនាំចេញអង្ករពីកម្ពុជា ដោយក្នុងរយៈពេលជាង១១ខែនេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសមានបរិមាណ ៥១ម៉ឺន ៩ពាន់តោន ក្នុងនោះទីផ្សារចិន មានប្រមាណ ២០ម៉ឺន៧ពាន់តោន ឬស្មើនឹងប្រមាណ ៤០,២៨ភាគរយនៃទីផ្សារនាំចេញសរុបរបស់កម្ពុជា។ ក្រៅពីនោះមាននាំចេញទៅកាន់សហគមន៍អឺរ៉ុបដែលមានប្រមាណ១៧ម៉ឺន៦ពាន់តោនស្មើនឹង៣៤,២៤ភាគរយនៃការនាំចេញសរុប ដោយឡែកក៏មាននាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន និងប្រទេសក្រៅតំបន់អាស៊ានផ្សេងៗទៀតផងដែរ៕