ខេត្តបាត់ដំបង ៖ ទីតាំងសិប្បកម្មកែច្នៃឈើដ៍ធំមួយកន្លែង ប្រើម៉ាស៊ីនសុទ្ធតែប្រភេទស្វ័យប្រវត្តិ ជ្រៀកឈើប្រណីតរាប់ឆ្នាំមកហើយដែលគេស្គាល់ថា មានម្ចាស់ជាជនជាតិវៀតណាម ឈ្មោះ ជី ទើបតែពេលនេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្ក្រាបតែម្ចាស់ទីតាំងបានរត់គេចខ្លួនបាត់។
ការចុះបង្ក្រាបនេះធ្វើឡើង កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩នេះនៅ ក្នុងភូមិអូរតាគាំ ១ សង្កាត់ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបង។
ប្រភពពីកម្លាំងអាវុធហត្ថ បានឲ្យដឹងថា ការចុះ កំលាំងអាវុធហត្ថខេត្តចំនួន ២៥នាក់ រដ្ឋបាលព្រៃឈើចំនួន ៥នាក់ ដឹកនាំដោយលោក វរសេនីយ៍ឯក អុឹម ដារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ សំរបសំរួលនីតិវិធី និងមានការសម្របសម្រួល ដោយលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង ខេត្តបាត់ដំបង់។
ការចុះបង្ក្រាបនេះដែរ កម្លាំងបានរិបអូសម៉ាស៊ីនរណារ៉ៃ មួយគ្រឿង និងឈើប្រណីតរាប់សិបម៉ែត្រគូប និងបានបញ្ជូនទៅរដ្ឋបាលព្រៃឈើ ដើម្បីឲ្យម្ចាស់ចូលខ្លួនដោះស្រាយ ករណីមិនឃើញម្ចាស់ចូលខ្លួនដោះស្រាយទេ នឹងបញ្ជូនបន្តទៅតុលាការ ដោះស្រាយតាមផ្លូវច្បាប់។
ជុំវិញការបង្ក្រាបទីតាំងខាងលើនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ បានប្រាប់ឲ្យអ្នកព័ត៌មានជាតិដឹងថា ទីតាំងនេះ គឺកើតមានរាប់សិបរាប់ឆ្នាំមកហើយ ពុំដែលមានសមត្ថកិច្ចណាចុះបង្ក្រាបឡើយ ពិសេសគឺមន្ត្រីជំនាញតែម្តងបណ្តោយឲ្យរោងសិប្បកម្មជាច្រើន ដំណើរការយ៉ាងរលូន ដែលជាហេតុនាំឲ្យបាត់បង់ព្រៃឈើនៅតំបន់អភិរក្សមួយចំនួននៅក្នុងប្រទេសខ្មែរ៕ ដោយ ៖ ប៉ែន សុផល