អាមេរិក ៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធម្សិលមិញបានព្រមានកូរ៉េខាងជើងអំពីផលវិបាកនានា ដែលប្រទេសមួយនេះនឹងត្រូវជួបប្រទះ ប្រសិនបើហ៊ានបង្កការគំរាមកំហែង ដោយការសាកល្បងអាវុធថ្មីៗនៅក្នុងថ្ងៃឆ្លងឆ្នាំ ហើយភាពប្រែប្រួលនឹងអាចកើតឡើង ប្រសិនបើប្រទេសទាំងពីរនៅបន្តអង្គុយចរចាគ្នា។ នេះបើតាមសារព័ត៌មាន CNA។
ដោយសារការខកចិត្តមិនបន្ធូរបន្ថយទណ្ឌកម្មបន្ទាប់ពីកិច្ចប្រជុំកំពូលចំនួន ៣ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រទេសកូរ៉េខាងជើងបានប្តេជ្ញាថា នឹងការធ្វើតេស្តអាវុធជាថ្មី ដើម្បីជាអំណោយក្នុងថ្ងៃបុណ្យណូអែល ប្រសិនបើអាមេរិកមិនចេញការសម្បទាននៅចុងឆ្នាំនេះនោះទេ។
ការព្រមានរបស់អាមេរិកខាងលើនេះត្រូវបានធ្វើឡើងដោយអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី Kelly Craft ចំពោះការព្រួយបារម្ភខ្លាំងឡើងអំពីសកម្មភាព និងការគំរាមកំហែងជាថ្មីពីសំណាក់រដ្ឋផ្តាច់ការមួយនេះ។
លោកស្រីបាននិយាយថា“ យើងជឿជាក់ថាកូរ៉េខាងជើងនឹងងាកចេញពីភាពប្រទូសរ៉ាយនិងការគំរាមកំហែងនេះ ហើយនឹងធ្វើការសម្រេចចិត្តដោយម៉ឺងម៉ាត់ដើម្បីចូលតុចរចា” ៕