រកឃើញ​បំណែក​យន្តហោះ​យោធា​ឈី​លីដែល​បាត់​ខ្លួន​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2019 ក+ ក-

ឈី​លី ៖ ក្រុមមន្ត្រី​ឈី​លី​និយាយថា​ ពួកគេ​បាន​រកឃើញ​បំណែក​មួយចំនួន ដែល​គេ​ជឿថា ជា​បំណែក​របស់​យន្តហោះ​យោធា​ឈី​លី C-130 ដែល​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​។ ​នេះ​បើ​យោងតាម​ប្រភពពី BBC ។​

​ពួកគេ​បាន​និយាយថា​ បំណែក​យន្តហោះ​ត្រូវបាន​គេ​រកឃើញ​អណ្តែត​ចម្ងាយ ៣០ គីឡូម៉ែត្រ​ពី​កន្លែង​ដែល​យន្តហោះ​ដឹកទំនិញ C-130 Hercules និង​មនុស្ស ៣៨ នាក់​នៅលើ​យន្តហោះ​បាន​ទាក់ទង​ចុងក្រោយ ហើយ​បើតាម​អាជ្ញា​ធា​ឈី​លី បំណែក​នេះ​អាចជា​ផ្នែក​មួយ​នៃ​ធុងសាំង ស្ថិតនៅ​ផ្នែក​ខាងក្នុង​របស់​យន្ដហោះ​។​

​ទោះបីជា​យោធា​ឈី​លី​បាន​បញ្ជាក់ថា យន្តហោះ​នោះបាន​ធ្លាក់​បាត់ទៅហើយ​ក្តី ប៉ុន្តែ​ជោគវាសនា​របស់​មនុស្ស​ទាំង ៣៨​នាក់​នៅ​មិនទាន់​អាច​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​គួរ​បញ្ជាក់ថា យន្តហោះ​យោធា C-130 បាន​បាត់​ដំណឹង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ​បន្ទាប់ពី​បាន​ហោះ​ចាក​ចេញពី​ទីក្រុង Punta Arenas​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ឈី​លី ឆ្ពោះទៅ​មូលដ្ឋាន​ឈរជើង Presidente Eduardo Frei Montalva ក្នុង​ទ្វីប​តំបន់​Antarctic៕