មីយ៉ាន់ម៉ា ៖ ជ័យលាភីរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី បានទទូចដល់ចៅក្រមនៃតុលាការអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ថាឲ្យ ទម្លាក់ចោលការចោទប្រកាន់ករណីប្រល័យពូជសាសន៍ប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ា ដោយលោកស្រីបានព្រមានថា វិបត្តិរ៉ូហ៊ីងយ៉ានឹងផ្ទុះឡើងជាថ្មី បើសំណុំរឿងនេះនៅតែបន្តដំណើរការទៅមុខ។ នេះបើយោងតាមប្រភពពី CNA។
កំឡុងផ្ដល់សក្ខីកម្មចុងក្រោយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីបានចូលរួមសវនាការស្ដាប់ រយៈពេលបីថ្ងៃនៅឯតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ មេដឹកនាំរបស់ប្រទេសមីយ៉ាន់ម៉ាបានចេញការព្រមានថា ការអនុញ្ញាតឱ្យបណ្ដឹងរបស់ប្រទេសហ្គាំប៊ីប្រឆាំងមីយ៉ាន់ម៉ា ពីបទប្រល័យពូជសាសន៍ ដំណើរការទៅមុខតទៅទៀត អាចនឹងបង្កឱ្យជម្លោះរ៉ូហ៊ីងយ៉ាផ្ទុះឡើងជាថ្មី ក៏ដូចជាបំផ្លាញដល់ការផ្សះផ្សាជាតិ។
លោកស្រី អ៊ុងសាន ស៊ូជី បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍រយៈពេលខ្លី ៦ នាទីថា“ជំហានដែលបង្កើតការសង្ស័យឬបង្កើតការអាក់អន់ចិត្តរវាងសហគមន៍ដែលទើបតែចាប់ផ្តើមកសាងគ្រឹះនឹងដោយការមិនជឿទុកចិត្តអាចធ្វើឱ្យអន្តរាយដល់ការផ្សះផ្សាជាតិ” ។
លោកបានសង្កត់ធ្ងន់ថា ការបញ្ចប់ជម្លោះនៅក្នុងប្រទេស គឺជារឿងមួយដ៏សំខាន់សម្រាប់មីយ៉ាន់ម៉ា ប៉ុន្តែវារឹតតែសំខាន់ជាងនេះទៅទៀត នោះគឺធ្វើយ៉ាងណាកុំឱ្យជម្លោះប្រដាប់អាវុធឆ្នាំ២០១៦-២០១៧ នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ភាគខាងជើងនៃប្រទេសផ្ទុះឡើងជាថ្មី៕