អាមេរិកនឹង​បន្តជួយ​កម្ពុជាតាមរយៈការ​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​សំដៅ​រួមចំណែក​ដល់ការ​អភិវឌ្ឍ​នៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2019 ក+ ក-

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បាន​បញ្ជាក់​ថា រដ្ឋាភិបាល​អាមេរិកនឹង​បន្តជួយ​កម្ពុជា តាមរយៈការ​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​សម្រាប់​កម្មវិធី​សុខភាព​សាធារណៈ និង​ការអប់រំ, កម្មវិធី​កសិកម្ម និង​បរិស្ថាន, កម្មវិធីដោះមីន និង​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ, ការ​ផ្តល់ជំនួយ​បច្ចេកទេស និង​ការអភិវឌ្ឍ​ធនធាន​មនុស្ស សំដៅ​រួមចំណែក​ដល់ការ​អភិវឌ្ឍ​នៅកម្ពុជា។

ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតបែបនេះធ្វើឡើងក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៩។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។ លោកឯកអគ្គរដ្ឋទូតបន្ថែមថា អាមេរិកនឹង​បន្តជួយផងដែរ​ដល់វិស័យ​ឯកជន​នៅកម្ពុជា តាមរយៈ​កម្មវិធី​លើកកម្ពស់​អភិបាលកិច្ច​ និង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២។

ជាឆ្លើយតបលោក​ឧបនាយករដ្ឋមន្រ្តី​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ធ្វើកំណែទម្រង់​លើកកម្ពស់​អភិបាលកិច្ច, កែលម្អ​បរិយាកាស​វិនិយោគ, សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ, អភិវឌ្ឍ​ធនធានមនុស្ស, បង្កើន​ល្បឿន​នៃការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដើម្បី​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅក្នុងរយៈពេល​វែង សំដៅ​ប្រែក្លាយ​ប្រទេស​កម្ពុជា ទៅជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅឆ្នាំ​២០៣០ និង​ជាប្រទេស​មាន​ចំណូល​ខ្ពស់​នៅឆ្នាំ​២០៥០។

សូមជម្រាបថា ចាប់ពី​ឆ្នាំ​១៩៩២ ដល់ឆ្នាំ​២០១៩នេះ អាមេរិកបាន​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​ប្រមាណ១៥០០​លានដុល្លារសម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា​នៅកម្ពុជា ដោយ​ផ្តោតលើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​បរិស្ថាន៕