អង់គ្លេស ៖ គណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានទទួលសំឡេងភាគច្រើនដាច់ខាតនៅក្នុងការបោះឆ្នោតសភាអង់គ្លេសដែលនឹងអនុញ្ញាតឱ្យលោកដើម្បីនាំចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬ Brexit នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។
លទ្ធផលបោះឆ្នោតសកលមុនអាណត្តិ កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថាបក្សអភិរក្សនិយយមទទួលបានសំឡេងគាំទ្រ ៣២៦ ក្នុងចំណោមអាសនៈសរុប ៦៥០ នៅក្នុងសភាជាន់ទាប នេះមានន័យថាពួកគេមានសំឡេងគ្រប់គ្រាន់ក្នុងការ បោះឆ្នោតអនុម័ត ឬផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង Brexit របស់លោក Boris Johnson ដែលបានចុះហត្ថលេខាជាមួយ សហភាពអឺរ៉ុប។
លោក Johnson បាននិយាយបន្ទាប់ពីទទួលបានជ័យជម្នះថា“ ខ្ញុំគិតថានេះនឹងក្លាយជាការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយដែលផ្តល់ឱ្យយើងក្នុងរដ្ឋាភិបាលថ្មីនេះ ឱកាសគោរពឆន្ទៈប្រជាធិបតេយ្យរបស់ប្រជាជនអង់គ្លេស”។ លោកបាននិយាយថាបក្សអភិរក្សនិយនបានឈ្នះ«អាណត្តិថ្មីដ៏មានឥទ្ធិពលមួយដើម្បីធ្វើឱ្យ Brexit បានបញ្ចប់»។
ជ័យជម្នះនេះរបស់ លោក Boris Johnson ត្រូវបានគេរំពឹងថានឹងផ្ដល់សច្ចាប័នភ្លាមៗ លើកិច្ចព្រមព្រៀង Brexit ដែលលោកបានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុប ដើម្បីនាំអង់គ្លេសចាកចេញពីប្លុកមួយនេះ៕