ចិនផ្អាកការដំឡើងពន្ធបន្ថែមលើអាមេរិក ក្រោយឯកភាពលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2019 ក+ ក-

គណៈកម្មាការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិនបានឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា ទីក្រុង ប៉េកាំង បានផ្អាកការដំឡើង ពន្ធបន្ថែមលើផលិតផលមួយចំនួននាំចូលពីសហរដ្ឋអាមេរិក បន្ទាប់ ពីមហាអំណាចសេដ្ឋកិច្ចទាំងពីរបានព្រមព្រៀងគ្នាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាល ទី១ កាលពីថ្ងៃសុក្រ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

គណៈកម្មាការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិនបានគូសបញ្ជាក់ដូច្នេះថា ៖ « ឈរនៅលើមូលដ្ឋាន ស្មើភាព និងការគោរពគ្នាទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិក ចិនសង្ឃឹមថាអាចនឹងដោះស្រាយបញ្ហាជាក្ដីកង្វល់រវាងគ្នា ទៅវិញទៅមក ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថេរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មអាមេរិក-ចិន»។

មន្រ្តីចិនបានបង្ហើបឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ដែលត្រូវបានពិភាក្សាគ្នារវាងមន្ត្រីអាមេរិក និងចិននោះត្រូវបានភាគីទាំងពីរសម្រេចជាថ្មីថា នឹងចុះហត្ថលេខាយកជាផ្លូវការតែម្តង នៅដើមឆ្នាំ២០២០ ដោយក្នុងនោះសហរដ្ឋអាមេរិកសន្យាមិនដំឡើងពន្ធបន្ថែមលើទំនិញចិន និងដកការរឹតត្បិតមួយចំនួនទៀត ហើយចិនវិញសន្យាបង្កើនការទិញទំនិញកសិកម្ម ពីអាមេរិក ៥០ពាន់ លានដុល្លារ ដែលច្រើនជាងកាលពីឆ្នាំ២០១៧ រហូតដល់ទៅ២ដង។

សូមជម្រាបថា ការដំឡើងពន្ធបន្ថែមរបស់ចិន ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដំបូងឡើយត្រូវចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូនេះ ហើយវិធានការនេះទៀតសោតគឺមានគោលដៅលើផលិត ផលនាំចូលពីអាមេរិក ក្នុងនោះមានចាប់ពីពោត រហូតដល់រថយន្ដ និងគ្រឿងបន្លាស់រថយន្ត៕