ម៉ានីល ៖ អាជ្ញាធរហ្វីលីពីនបានឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា មនុស្ស៣នាក់បានបាត់ជីវិត និងមនុស្សជាង៣០នាក់ផ្សេងទៀតរងរបួស ខណៈអគារមួយចំនួនដួលរលំ និងមានមនុស្សកំពុងជាប់ខ្លួនក្នុងនោះផងដែរ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារលើកោះមិនដាណាវ ភាគខាងត្បូងនៃប្រទេសកាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមសារព័ត៌មាន CNA។
អាជ្ញាធរហ្វីលីពីនបានបញ្ជាក់នៅព្រឹកថ្ងៃចន្ទនេះទៀតថា ក្រុមសង្គ្រោះកំពុងតែព្យាយាម គាស់កកាយហាងលក់ទំនិញបាក់រលំមួយ នៅក្នុងក្រុងផាដាដា (Padada) នៃកោះមិនដាណាវ ដោយសង្ស័យថាមនុស្សចំនួន ០៥នាក់កំពុងជាប់ខ្លួននៅក្រោមនោះ ប៉ុន្តែក្តីសង្ឃឹមថា ពួកគេអាចនៅរស់នោះ គឺមានតិចតួចបំផុត។
អាជ្ញាធរបន្តថា លោកប្រធានាធិបតីហ្វីលីពីន និងក្រុមគ្រួសារក៏ស្ថិតនៅក្នុងទីក្រុងដាវ៉ៅ នៅពេលគ្រោះរញ្ជួយដីខាងលើនេះកើតឡើងផងដែរ ប៉ុន្តែលោកមិនបានទទួលរងគ្រោះថ្នាក់អ្វីឡើយ ខណៈតំបន់ដែលក្រុមគ្រួសារលោកស្ថិតនៅ គឺមានចម្ងាយ ៦១គីឡូម៉ែត្រពីចំណុចរំញ័រ។
យោងតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៨រ៉ិចទ័របានវាយប្រហារលើតំបន់ក្បែរទីក្រុង ដាវ៉ៅ (Davao) នៃកោះមិនដាណាវ ហើយវាក៏ជាលើកទី៥ ផងដែរគិតចាប់តាំងពីខែតុលា។ គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយទៅក្នុងដី ២៨.២គីឡូម៉ែត្រ និងមានចំណុចរញ្ជួយនៅ ចំងាយ ៦១គីឡូម៉ែត្រពីភាគនិរតីពីតំបន់ឆ្នេរនៃទីក្រុង Davao៕