ភ្នំពេញ ៖ ពិធីសម្ពោធពិព័រណ៍សៀវភៅ ថ្នាក់ជាតិលើកទី៨ ក្រោមប្រធានបទ “ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ” ចាប់ផ្តើមបើកជាផ្លូវការនៅព្រឹកថ្ងៃសុក្រនេះ ក្រោមវត្តមាន លោក ហង់ ជួន ណារ៉ុន។ លោក រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងថា ការអានសៀវភៅច្រើន ដើម្បីបង្កើតជាទីផ្សារដ៏ទូលំទូលាយ។
ថ្លែងនៅក្នុងពិធីបើកពិព័រណ៍សៀវភៅ ថ្នាក់ជាតិលើកទី៨ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ ទៅដល់យុវជនកម្ពុជាទាំងអស់ ត្រូវចូលរួមអានសៀវភៅ ឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង ព្រោះជាប្រទីបបំភ្លឺផ្លូវ នាពេលខាងមុខ។ លោក រដ្ឋមន្ត្រីកត់សំគាល់ឃើញ ថាអ្នកចូលរួមពិពរណ៏សៀវភៅ កាន់តែមានការចូលរួមច្រើនពីសំណាក់យុវជន ទាំងនេះមានន័យថា យុវជនកាន់តែចាប់អារម្មណ៏ទៅលើការអានសៀវភៅ។ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានយល់ឃើញដែរថា ការអានសៀវភៅច្រើនកាលណា គឺល្អបំផុត ដូច្នេះ ការអានសៀវភៅ មាន២របៀប ដូចជា អានដើម្បីស្រាវជ្រៅ និងអានដើម្បីកម្សាន្ដ។ លោក រដ្ឋមន្ត្រីក្រសួងព័ត៌ មាន បានជំរុញលើកទឹកចិត្តដល់អ្នកនិពន្ធទាំងឡាយ ឲ្យបន្តខិតខំនិពន្ធស្នាដៃថ្មី បំរើការអាន តែមិនត្រូវឲ្យមានការលួចចំលងស្នាដៃ រឺកុពីឯកសារដើមយកទៅធ្វើអាជីវកម្មផ្ទាល់ខ្លួន។
លោកឆាយ សុផល សាស្ត្រាចារ្យព័ត៌មាន បានយកស្នាដៃទាំង១០របស់ខ្លួន មកបង្ហាញនៅក្នុងពិពរណ៏សៀវភៅលើកទី៨នេះ ពិសេសស្នាដៃថ្មី«ប៊ុន រ៉ានី ភរិយាបុរសខ្លាំងកម្ពុជា»។ លោកសាស្ត្រាចារ្យ លើកទឹកចិត្តដល់ចូលចិត្តអាន សៀវភៅ ចូលរួមទិញសៀវភៅជាច្បាប់ដើម ដែលបោះពុម្ភ ដើម្បីលើកទឹកចិត្ត ដល់អ្នកនិពន្ធ បានចំណូល និងមានកម្លាំងចិត្តបន្តនិពន្ធសៀវភៅ។
សិស្ស និងនិស្សិត បានសំដែងនូវការគាំទ្រចំពោះការតាំងពិពរណ៏សៀវភៅ នៅឆ្នាំនេះ ព្រោះសៀវភៅរាប់ម៉ឺនក្បាល ត្រូវបានដាក់លក់ និងបង្ហាញ ដែលជាឱកាសសម្រាប់ពួកគាត់អាចមកទិញដោយផ្ទាល់។
សម្រាប់ពិព័រណ៍សៀវភៅឆ្នាំនេះ អ្នករៀបចំកម្មវិធីបានបង្ហាញក្តីរំពឹងថា នឹងមានអ្នកចូលរួមទស្សនា ប្រមាណជា១០ម៉ឺននាក់។ ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៨ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ធ្នូ នៅបណ្ណាល័យជាតិ ក្នុងទីក្រុងភ្នំពេញ ។ អ្នកបោះពុម្ពផ្សាយសៀវភៅ និងអ្នកនិពន្ធរាប់រយនាក់ បាននាំយកសៀវភៅរាប់ពាន់ចំណងជើង ទៅតាំងបង្ហាញនិងដាក់លក់ផងដែរ៕
ពិព័រណ៍សៀវភៅលើកទី៨ កាន់តែទទួលបានការចាប់អារម្មណ៍ពីយុវជន