ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២,៥៨៨ នាក់ នៅកោះពេជ្យកាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អោយបានដឹងអំពីសមត្ថភាពមន្ទីរពេទ្យព្រះកេតុមាលា (មន្ទីរពេទ្យទាហាន) ដែលអាចព្យាបាល និងដោះដូរក្រលៀន (គ្រឿងក្នុង) និងសរីរាង្គមួយចំនួនបាន ដោយមិនចាំបាច់ចំណាយថវិកាច្រើនចេញទៅព្យាបាលនៅពេទ្យក្រៅប្រទេសឡើយ។
ការដូរក្រលៀន ឬសរីរាង្គក្នុងមួយចំនួននៅពេលនេះ គឺអាចធ្វើបានប្រកបដោយសុវត្ថិភាព នៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យទាហាន)។ សម្តេចតេជោ បានលើកទឹកចិត្តឲ្យបងប្អូនដែលកំពុងជួបបញ្ហាដូរក្រលៀនកុំអស់សង្ឃឹមអោយសោះ ទោះបីគ្មានប្រាក់ គឺឲ្យតែមានសាច់ញាតិបងប្អូនកូនចៅ ឬគ្រួសារអ្នកជំងឺមានគ្រលៀនប្រភេទដូចគ្នាគឺអាចមកពិភាក្សា ព្យាបាលនិងដោះដូរនៅមន្ទីរពេទ្យនេះបានដែលមានគុណភាពល្អដូចមន្ទីរពេទ្យនៅក្រៅប្រទេសផងដែរ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានហាមឃាត់ដាច់ខាតចំពោះអំពើជួញដូរក្រលៀន និងគ្រឿងក្នុងមនុស្សដោយខុសច្បាប់ដែលនឹងត្រូវផ្តន្ទារទោសយ៉ាងធ្ងន់ធ្ងរមិនលើកលែងឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍវិស័យសុខាភិបាលឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីអោយសក្តិសមជាកន្លែងព្យាបាលរបស់ជាតិក្នុងការបម្រើសេវាសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕