កម្ពុជា-វៀតណាមនឹងធ្វើសមយុទ្ធរួមគ្នានៅតាមព្រំដែនក្នុងសប្តាហ៍នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2019 ក+ ក-

ភ្នំពេញ ៖ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនដល់ប្រជាពលរដ្ឋឲ្យបានជ្រាបថា នៅថ្ងៃទី១៨ ធ្នូខាងមុខនេះ កម្ពុជានឹងមានការរៀបចំសមយុទ្ធកងទ័ព រវាងកងទ័ពកម្ពុជា និងកងទ័ព វៀតណាម ទាក់ទងទៅនឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែន។

សម្តេចតេជោបានបញ្ជាក់ថា ការធ្វើសមយុទ្ធកងទ័ពរវាងកម្ពុជា និងវៀតណាមគឺជាគំនិតផ្តួចផ្តើមរបស់សម្តេច ព្រោះដោយសារយើងធ្លាប់មានបទពិសោធគ្រោះទឹកជំនន់ និងគ្រោះភ្លើងឆេះព្រៃនៅតាមព្រំដែន ជាមូលហេតុដែលយើងត្រូវធ្វើសមយុទ្ធរួមគ្នាជាមួយប្រទេសជិតខាង ត្រៀមបង្ការថ្ងៃណាមួយពលរដ្ឋតាមព្រំដែន មិនថា ពលរដ្ឋយើង ឬពលរដ្ឋប្រទេសជិតខាងមានគ្រោះផ្សេងៗយើងអាចជួយគ្នាទៅវិញទៅមកដើម្បីជីវិតប្រជាពលរដ្ឋ។

សម្តេចបញ្ជាក់ទៀតថា គោលបំណងនៃការធ្វើសមយុទ្ធនេះ គឺចង់បង្ការការពារប្រជាពលរដ្ឋឲ្យផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុណាមួយដូចជា គ្រោះទឹកជំនន់ ភ្លើងឆេះព្រៃ…។ល។ ដូច្នេះតាមរយៈការធ្វើសមយុទ្ធនេះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំអំពីទំនាក់ទំនងរវាងកម្ពុជា នឹងប្រទេសជិតខាងឲ្យសោះ ពីព្រោះនេះគឺជាការធ្វើសមយុទ្ធដើម្បីបង្ការការពារនូវសេចក្តីសុខ ជូនដល់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

សូមជម្រាបថា កងទ័ពកម្ពុជា និងកងទ័ពវៀតណាមធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នារយៈពេលប្រាំថ្ងៃនៅតំបន់ ព្រំដែនកម្ពុជា និងវៀតណាមផ្ដោតទៅលើការជួយសង្គ្រោះប្រជាពលរដ្ឋឆ្លងព្រំដែន ក្នុងពេលមានគ្រោះមហន្តរាយដូចជា គ្រោះថ្នាក់ ធម្មជាតិ និងគ្រោះថ្នាក់ជាដើម៕