ភ្នំពេញ ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ និងមហា សន្និបាតលើក ទី១២ នៃសភាតំបន់អាស៊ី នៅទីក្រុងអានតាលីយ៉ា នៃសាធារណរដ្ឋតួកគី លោក ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមជាតិរដ្ឋសភាកម្ពុជា-សភាតំបន់អាស៊ី បានទទួលជួបជាមួយលោក ហ្គេនណាឌី អ៊ី អ័រឌីណូវ ប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា និងជា សមាជិកគណៈកម្មការកសិកម្ម និងចំណីអាហារ នៃព្រឹទ្ធសភាសហព័ន្ធរុស្ស៊ី ដោយក្នុងជំនួបនេះលោក ហ្គេនណាឌី អ៊ី អ័រឌីណូវ មានប្រសាសន៍ថា ក្នុងនាមសភាជាន់ខ្ពស់របស់សហព័ន្ធរុស្ស៊ី លោកផ្ទាល់ បានចូលរួមសង្កេតការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្នុងឆ្នាំ២០១៨ នៅកម្ពុជា និងសូមចូលរួមអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបោះឆ្នោតនេះ។
លោក ហ្គេនណាឌី អ៊ី អ័រឌីណូវ បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង សភាកម្ពុជា និងរុស្ស៊ី ដែលមានភាពស្អិតល្មួត ហើយលោកមានការពេញចិត្តណាស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការនេះ គឺថា មិនត្រឹមតែស្ថាប័នសភាប៉ុណ្ណោះទេ គឺមានការសហការលើគ្រប់វិស័យថែមទៀតផង។
ជាការឆ្លើយតប លោកបណ្ឌិត ងួន ញ៉ិល បានគាំទ្រចំពោះការលើកឡើងរបស់លោក ហ្គេនណាឌី អ៊ី អ័រឌីណូវ ពិសេសគឺការលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយ ភាពស្អិតល្មួតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ លោកបណ្ឌិតមានប្រសាសន៍ទៀតថា ប្រទេសទាំង២ កម្ពុជា-រុស្ស៊ី បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាតាំងពីឆ្នាំ១៩៥៦ ហើយឆ្នាំនេះគឺជា ខួប៦៣ឆ្នាំ ដោយឯកឧត្តមបានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី គឺជាទំនាក់ទំនងប្រវត្តិសាស្ត្រ ជាពិសេសរុស្ស៊ីធ្លាប់បានជួយកម្ពុជាក្នុងគ្រាលំបាកបំផុត បន្ទាប់ពីបានរំដោះខ្លួនរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕