ភ្នំពេញ ៖ ក្រុមកម្មករ កម្មការិនីអនាម័យរបស់ក្រុមហ៊ុនស៊ិននទ្រីនិងកម្មករនិងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញជាង២៦០០នាក់ទទួលបានជំនួយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
ថ្លែងក្នុងពិធីផ្តល់អំណោយជាស្បៀង និងសម្ភារប្រើរបស់កាកបាទក្រហមកម្ពុជា ដល់បងប្អូន កម្មករ កម្កម្មការិនី អនាម័យស៊ិនទ្រីនារសៀលថ្ងៃទី ១៨ ខែធ្នូឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអោយដឹងថា ការផ្តល់អំណោយមនុស្សធម៌មានគ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដល់ប្អូនកម្មករ កម្មការិនី សំអាតអនាម័យនាពេលនេះ ដើម្បីជាការលើកទឹកចិត្តដល់ប្អូនដែលបានខិតខំប្រឹងប្រែងសំអាតទីក្រុងពិសេសក្នុងព្រឹត្តិការណ៍ព្រះរាជ ពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកនាពេលកន្លងមក ដែលធ្វើអោយរាជធានីភ្នំពេញនៅតែរក្សាបានភាពស្អាតជាប់ជាប្រចាំ សម្រាប់បង្អួតភ្ញៀវទេសចរ។ ឯកឧត្តមបន្ថែមថា ទោះបីអំណោយទាំងនេះមានលក្ខណៈតិចតួចក៏ពិតមែន ប៉ុន្តែ អាចដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិតផងដែរ។
លោកជំទាវកិតិ្តសង្ហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជាបានសម្តែងការកោតសរសើរដល់បងប្អូនកម្មករ កម្មការិនី ដែលជាអ្នកសំអាតអនាម័យ និងដឹកជញ្ជូនសំរាមបានបំពេញការងារយ៉ាងល្អប្រសើរ ទោះស្ថិតក្នុងកាលៈទេសៈនិងការប្រឈម យ៉ាងណាក៏ដោយ នៅតែធានាអោយរាជធានីភ្នំពេញមានសោភ័ណភាពស្រស់ស្អាត គ្មានគំនរសំរាមស្អុយរលួយរាយប៉ាយឡើយ។
លោកជំទាវបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមថែរក្សាអនាម័យនៅក្នុងទីក្រុងរបស់អោយកាន់តែល្អបន្ថែមទៀត តាមរយៈការទុកដាក់សំរាមអោយបានត្រឹមត្រូវនិងមិនបោសសំរាមចោលរាយប៉ាយជាដើម។
សូមបញ្ជាក់ថា នេះគឺចាលើកទី៤ហើយដែលកាកបាទក្រហមកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ដល់ប្អូនកម្មករ កម្មការិនី បោសសំអាតសំរាម បន្ទាប់ពីពួកគាត់បានបំពេញការងារបានជោគជ័យ ក្រោយព្រះរាជពិធី បុណ្យអុំទូកបណ្ដែតប្រទីបសំពះព្រះខែនិងអកអំបុករួចរាល់៕