សភាអាមេរិកបោះឆ្នោតគាំទ្រការចោទប្រកាន់លើលោក ដូណាល់ ត្រាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2019 ក+ ក-

អាមេរិក ៖ សភាតំណាងរាស្ត្រ​ប្រជាធិបតេយ្យ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ​បានអនុម័ត​លើ​មាត្រា​ទាំងពីរ​នៃ​ការចោទប្រកាន់​ប្រឆាំងនឹង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​ធ្វើឱ្យ​គាត់​ក្លាយជា​ប្រធានាធិបតី​ទី​៣​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​ដែល​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​និង​ប្រឈម​នឹង​ការកាត់ទោស​នៅក្នុង​ព្រឹទ្ធសភា​។​

​សភាតំណាងរាស្ត្រ​បាន​បោះឆ្នោត​អនុម័ត​លើ​មាត្រា ១ នៃ​ការចោទប្រកាន់​លោក ត្រាំ ពីបទ​រំលោភ​អំណាច​ក្នុង​សំឡេងគាំទ្រ ២៣០ ទល់នឹង​សំឡេង​ប្រឆាំង ១៩៧​។ ចំណែកឯ​មាត្រា ២ ដែល​ចោទប្រកាន់​រូបលោក​ថា​បាន​បង្ក​ឧបសគ្គ ឬ​រារាំង​ដល់​កិច្ចការ​ស៊ើបអង្កេត​រប​ស់ស​ភា ត្រូវបាន​បោះឆ្នោត​គាំទ្រ​អនុម័ត​ក្នុង​សំឡេង​ដូចគ្នា២៣០ទល់នឹង១៩៧​សំឡេង​។​

​បន្ទាប់ពី​ការអនុម័ត​ដោយ​សភាតំណាងរាស្ត្រ​អាមេរិក​រួច រឿងក្តី​នេះ​នឹងត្រូវ​បញ្ជូនបន្ត​ទៅកាន់​ព្រឹទ្ធសភា ដើម្បី​បើកសវនាការ​ដែល​អាច​នឹង​ប្រព្រឹត្តទៅ នៅ​ខែមករា ឆ្នាំ​២០២០ ហើយក៏​ជា​ពេលដែល​លោក ត្រាំ មានសង្ឃឹម​ឡើងវិញ​ដែរ ព្រោះ​បក្ស​របស់លោក​មាន​សំឡេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធសភា​។

សូមជម្រាបថា នៅក្នុងប្រវត្តិសាស្ត្រអាមេរិក លោក អាន់ឌ្រូ ចនសុន (Andrew Johnson) និងលោក បៀល គ្លីនតុន (Bill Clinton) គឺជាប្រធានាធិបតីអាមេរិកតែពីរនាក់គត់ ដែលត្រូវបានគេដំណើរការនីតិវិធីចោទការប្រកាន់ ឬទម្លាក់ចេញពីតំណែង (មិនទាន់បានទម្លាក់ទេ) ខណៈលោក រីឆាដ ណិចសុន (Richard Nixon) បានលាពីតំណែងដោយខ្លួនឯង ក្រោយរងការគំរាមកំហែងពីការដំណើរការនីតិវិធីនេះ។ មកទល់នឹងពេលនេះ មិនទាន់មានប្រធានាធិបតីអាមេរិកណាម្នាក់ត្រូវបានគេដកហូត ឬបណ្ដេញចេញពីតំណែងនោះឡើយ៕