បក្សប្រឆាំង​​ដើរ​ចេញពី​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង ច្បាប់​អង្គការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 July, 2015 ក+ ក-

​ភ្នំពេញ​៖ នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៨​កក្កដានេះ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដើរ​ចេញពី​អង្គសិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។​

​វេទិកា​នេះ ក្រោម​អធិបតីភាព​លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​អ្នកកាសែត​មួយចំនួន​ចូលរួម​នោះទេ​។​

​សេចក្តីព្រាង​កម្មវិធី​សិក្ខាសាលា បាន​បង្ហាញថា អង្គសិក្ខាសាលា បើកឱកាស​រយៈពេល ៤៥​នាទី ចាប់ពី​ម៉ោង ៩:១៥​នាទី ដល់​ម៉ោង ១០:0០​នាទី ដើម្បី​ឲ្យ​មហាជន សួរ​សំណួរ ឬ​បញ្ចេញ​មតិយោបល់ ចំណែក​គណៈអធិបតី​មាន​ពេល​៣០​នាទី​ដើម្បី​ឆ្លើយ​នឹង​សំណួរ​។​

​លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​មានប្រសាសន៍ថា រដ្ឋសភា អនុម័ត​ដោយ​គ្មាន​ឧ​ប​ស័គ្គ​អ្វី​ទេ ព្រោះថា​រដ្ឋសភា ត្រូវការ​សំឡេង​អនុម័ត​យ៉ាងតិច​បំផុត ត្រឹមតែ ៥០% បូក ១​ប៉ុណ្ណោះ​។​

​គួររំលឹកថា បន្ទាប់ពី​សិក្ខាសាលា គឺ​នៅ​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា​ទាំង​៣ ដែល​ទទួលបន្ទុក​ពិនិត្យ និង​សិក្សា​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល នឹង​ជួបប្រជុំ​ជាមួយ តំណាង​រាជរដ្ឋាភិបាល ហើយ​នៅ​ថ្ងៃទី​១០​កក្កដា ខាងមុខ រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំពេញអង្គ​ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​នេះ​ជាស្ថាពរ៕ ដោយ៖បូរ៉ាស៊ី

bnde