បន្ទាយមានជ័យ៖ បុរសអាយុ៣៧ឆ្នាំម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី០៧ ខែកក្កដា នៅភូមិភ្នំលៀបលិច ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ តាមពាក្យបណ្តឹងពីបទរំលោភសេពសន្ថវៈលើអនីតិជនដែលត្រូវជាកូនបង្កើតរបស់ខ្លួនជាមួយប្រពន្ធមុន។
តាមកំណត់ហេតុរបស់ប៉ូលីសបានឲ្យដឹងថា បុរសត្រូវចោទមានឈ្មោះ រឹត ម៉ៅ អាយុ៣៧ឆ្នាំ (ប្រពន្ធទី១ស្លាប់) ចំណែកកូនស្រីរងគ្រោះមានអាយុ ១៧ឆ្នាំដែលត្រូវបុរសរូបនេះចាប់រំលោភ គឺជាកូនបង្កើតរបស់ជនត្រូវចោទជាមួយប្រពន្ធទី១។
នារីរងគ្រោះបានឲ្យដឹងថា ឪពុកនាង បានចាប់រំលោភតាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ ដែលមានរយៈពេល៤ឆ្នាំមកហើយ គិតចាប់តាំងពីម្តាយបង្កើតនាងស្លាប់ចោល ។ ពេលចាប់នាងរំលោភរួច គឺឪពុកនាងបានគំរាមមិនឲ្យប្រាប់អ្នកណានោះទេ។ ចៃដន្យ នៅថ្ងៃកើតហេតុ ពេលកំពុងធ្វើសកម្មភាពចាប់រំលោភនោះ ក៏ត្រូវម្តាយចុងនាងមកទាន់ ក៏ប្តឹងកម្លាំងរាជអាវុធហត្ថចាប់ខ្លួនតែម្តង។
នគរបាលយុត្តិធម៌ស្រុកព្រះនេត្រព្រះបានបញ្ជាក់ថា នឹងបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមច្បាប់ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យដែលបានសារភាពថា ពិតជាបានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនមែន គឺកាលពីឆ្នាំទៅរំលោភបានម្ដង ហើយឆ្នាំនេះ រំលោភបានម្ដងទៀត៕ដោយ៖សុភាព