ដោយ ៖ ប៉.សុផល
ខេតកំពង់ចាម ៖ លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងសិក្សាតាមតំបន់ដងទន្លេ ក្នុងស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ដើម្បីរកវិធានការទប់ស្កាត់បង្ការ កុំឲ្យមានការបាក់ស្រុតច្រាំងទន្លេធ្ងន់ធ្ងរ ដូចឆ្នាំកន្លងទៅទៀត។
បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីបានទទួលបទពិសោធន៍នៃការបាក់ច្រាំងទន្លេយ៉ាងធ្ងន់ធ្ងរនាឆ្នាំកន្លងទៅ ទើបថ្ងៃនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញចុះធ្វើការពិនិត្យសិក្សាស្រាវជ្រាវ នៅតាមតំបន់ជួរដងទន្លេ ស្ថិតក្នុងស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីរិះរកវិធានការធ្វើ ក្នុងការទប់ស្កាត់កុំឲ្យមានការបាក់ច្រាំងទន្លេធ្ងន់ធ្ងរ ដូចឆ្នាំកន្លងទៅនោះទៀត ។
ស្ថិតក្នុងដំណើរចុះពិនិត្យ និងសិក្សាតាមតំបន់ដងទន្លេនេះ លោកអភិបាលខេត្ត តែងតែបានជួបសំណេះសំណាល យ៉ាងជិតស្និទ្ធិជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះផងដែរ ដើម្បីស្វែងយល់អំពីសុខទុក្ខ ដូចជាការរស់នៅនិងការប្រកបមុខរបររបស់បងប្អូនប្រជាពលរដ្ឋ តាមតំបន់ជួរដងទន្លេនៃស្រុកទាំងបីនេះផងដែរ ៕