កូរ៉េខាងជើងព្រមានថា អាមេរិកនឹងរងទុក្ខ​​ បើហ៊ាន​លើកឡើង​បញ្ហាមួយនេះ..
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 December, 2019 ក+ ក-

​កូរ៉េខាងជើង ៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​រាយការណ៍​ថា ប្រទេស​កូរ៉េខាងជើង​បាន​ស្តីបន្ទោស​ទៅ​សហរដ្ឋអាមេរិក​វិញ​ដោយសារតែ​ការលើកឡើង​អំពី​បញ្ហា​ទាក់ទង​នឹង​កំណត់ត្រា​សិទ្ធិមនុស្ស​របស់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​ដោយ​និយាយថា “​ពាក្យសម្តី​ព្យាបាទ​” របស់​ទីក្រុង​វ៉ាស៊ីនតោន​នឹងធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​សេចក្តីថ្លែងការណ៍​រប​ស់ KCNA បាន​ព្រមាន​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​ហ៊ាន​លើកឡើង​បញ្ហា​ជាមួយ​ប្រព័ន្ធ​រដ្ឋាភិបាល​កូរ៉េខាងជើង​ដោយ​សម្អាង​លើ​បញ្ហា​សិទ្ធិមនុស្ស​នោះ ពួកគេ​នឹងត្រូវ “​រង​ទុក្ខ​”​។​

​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ​បាន​ថ្កោលទោស​ការរំលោភ​សិទ្ធិមនុស្ស​ជា​យូរ​មកហើយ​និង​ជា​បន្ត​របស់​ប្រទេស​កូរ៉េខាងជើង​នៅក្នុង​សេចក្តីសម្រេច​ប្រចាំឆ្នាំ​មួយ​ដែល​ឧបត្ថម្ភ​ដោយ​ប្រទេស​រាប់សិប​រួមមាន​ទាំង​សហរដ្ឋអាមេរិក​ផងដែរ​ប៉ុន្តែ​ត្រូវបាន​ប្រេសិត​អង្គការសហប្រជាជាតិរ​បស់​ទីក្រុង​ព្យុងយ៉ាង​បដិសេធ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​កូរ៉េខាងជើង​នេះ​គឺជា​លើកដំបូង​ហើយ​ចាប់តាំងពី​ប្រេសិត​ពិសេស​របស់​សហរដ្ឋអាមេរិក​ទទួលបន្ទុក​កូរ៉េខាងជើង​លោក Stephen Biegun កាលពី​ថ្ងៃ​ចន្ទ​បាន​ជំរុញ​ជា​សាធារណៈ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​វិលត្រឡប់​ទៅរក​កិច្ចពិភាក្សា​វិញ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការឆ្លើយតប​ដោយផ្ទាល់​ពី​ប្រទេស​កូរ៉េខាងជើង​ចំពោះ​ការ​សំណូមពរ​របស់លោក Biegun ទេ​។ ប្រទេស​កូរ៉េខាងជើង​បានធ្វើការ​សាកល្បង​អាវុធ​ជា​បន្តបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះហើយ​អ្នកជំនាញ​មួយចំនួន​បាន​និយាយថា រដ្ឋ​ឯកោ​មួយ​នេះ​អាច​នឹង​ត្រៀមខ្លួន​សម្រាប់​ការសាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​មួយ​គ្រាប់​ដែល​អាចធ្វើ​ឲ្យ​ខ្លួន​វិលត្រឡប់​ទៅរក​ផ្លូវ​នៃ​ការប្រឈមមុខ​ដាក់គ្នា​ជាមួយ​សហរដ្ឋអាមេរិក​វិញ​៕