ម៉ានីល ៖ អាជ្ញាធរហ្វីលីពីនបាននិយាយថា មនុស្ស០៩នាក់បានបាត់បង់ជីវិត ខណៈជាង១៣០នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែពួកគេបានពុលស្រាលាយខុសបច្ចេកទេស ស្ថិតនៅខេត្តឡាហ្គូណា (Laguna) និងក្វេហ្សុន (Quezon) ភាគខាងត្បូងរដ្ឋធានីម៉ានីល។ នេះបើតាមសារព័ត៌មាន Trend News Agency។
អភិបាលក្រុងរីហ្សាល់ (Rizal) ដែលជាតំបន់កើតហេតុធ្ងន់ធ្ងរជាងគេ លោក វែណឺ មុនណូស (Vener Munoz) បានប្រាប់សារព័ត៌មានក្នុងស្រុកថា មនុស្ស៨នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងរបស់គាត់ បន្ទាប់ពីទទួលទានស្រាលាយខុសច្បាប់ និងតម្លៃថោក ដែលត្រូវបានក្រុមជំនាញពិនិត្យឃើញថា មានផ្ទុកសារធាតុតុកសិក (Toxic) កម្រិតខ្ពស់ ក្នុងពិធីខួបកំណើត និងពិធីជប់លៀងបុណ្យណូអែលកាលពីចុងសប្តាហ៍។ លោកបានបន្ថែមថា ពលរដ្ឋ៧នាក់ក្នុងចំណោម១២៩នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងម៉ានីលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
បើតាមអាជ្ញាធរបានអះអាងថា ជនរងគ្រោះ នៅតំបន់ផ្សេងៗគ្នានៅទូទាំងខេត្តទាំងពីរខាងលើនេះ ពួកគេបានទិញស្រាលាយពីប្រភពតែមួយ ដូច្នេះប៉ូលិសកំពុងតែបើកការស៊ើបអង្កេត ដើម្បីស្វែងរកប្រភពដើមនៃអ្នក ដែលបានបង្កើតស្រាលាយប្រភេទនេះឡើង៕