ដោយ ៖ កូវ ប៊ុនហេង
ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ មានរៀបចំពិធីប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យការងារយោធារយៈពេល ៥ឆ្នាំ គិតត្រឹមឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្ត៥ឆ្នាំបន្ត សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដោយមានការចូលរួមពីរបណ្តាមេបញ្ជាការ វរសេនាតូចទាំង៤ចំនណុះ អោយកងពល រួមជាមួយនាយទាហាន និងពលទាហានជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង បានមានប្រសាសន៍ថា ផ្អែកលើកំណែទម្រង់កងយោធពលខេមរភូមិន្ទ គឺជាជម្រើសដែលមិនអាចខ្វះបាន ដើម្បីពង្រឹង ពង្រីកសមត្ថភាព លទ្ធភាព និងសក្តានុពលភាពរបស់កងទ័ពទៅតាមការវិវត្តន៍រីកចម្រើន របស់សង្គមនៃសម័យបច្ចេកវិជ្ជាទំនើប។
លោកបានបន្តទៀតថា ដោយឈរលើប្រសិទ្ធភាព នៃការដឹកនាំបញ្ជា និងគ្រប់គ្រងកម្លាំង ត្រូវយកចិត្តទុកដាក់ ពិនិត្យនូវការកំណត់ទិសដៅភារកិច្ច សម្រាប់ពេលខាងមុខ ដើម្បីបំពេញបន្ថែម ឬសំណូមពរចាំបាច់នានា សំខាន់លើបញ្ហាធ្វើកំណែទម្រង់លើគ្រប់វិស័យ ក្នុងនោះពាក់ព័ន្ធការបុគ្គលិករួមមាន ៖
*ទី១៖ ការកែសម្រួលរចនាសម្ព័ន្ធចាត់តាំងមានលក្ខណៈសមស្រប ដែលបច្ចុប្បន្ននៅមានភាពសំពីងសំពោង ត្រួតគ្នា រវាងក្រសួងការពារជាតិ និងអគ្គបញ្ជាការ ក៏ដូចជាបណ្តាប្រភេទទ័ពនៃយោធភូមិភាគ និងទ័ពជំនាញ។
*ទី២៖ ការគ្រប់គ្រងកម្លាំង ដឹកនាំបញ្ជាកម្លាំងទ័ព ត្រូវសមស្របតាមក្របខណ្ឌកំណត់ ចៀសវាងការប្រមូលផ្តុំកម្លាំងនៅស្ថាប័នបំរើសេវាលើសការកំណត់ ការគ្រប់គ្រងកម្លាំងទ័ពត្រូវមានការឯកភាព និងការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា។
*ទី៣៖ ការតែងតាំងផ្លាស់ប្តូរមុខងារ និងឋានន្តរស័ក្តិ កុំឲ្យពិភក្សាលម្អិតលើគម្រោងផែនការដែលជំនាញបានដាក់ឲ្យ ដោយផ្អែកលើច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ និងបទដ្ឋានគតិយុត្តិនានា។
*ទី៤៖ ការដាក់យោធិនឲ្យចូលនិវត្តន៍តាមច្បាប់កំណត់ តាមសេចក្តីណែនាំរបស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។
*ទី៥៖ ការជ្រើសរើសទ័ពបំពេញក្របខណ្ឌ ត្រូវយកចិត្តទុកដាក់សម្រិតសម្រាំងតាមលក្ខខណ្ឌកំណត់ ដើម្បីធានាបានទាំងបរិមាណ និងគុណភាណ។
*ទី៦៖ ការបណ្តុះបណ្តាល ត្រូវជ្រើសរើសនាយទាហាន នាយទាហានរង និងពលទាហាន មានស្នាដៃល្អ និងមានអនាគតរីកចម្រើន និងប្រើប្រាស់សមស្របតាមមុខជំនាញ ដែលបានបណ្តុះបណ្តាល។
*ទី៧៖ ការងារសន្តិសុខផ្ទៃក្នុងត្រូវយកចិត្តទុកដាក់ជ្រើសរើស និងប្រើប្រាស់យោធិនឲ្យគោរពច្បាប់ មានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពច្បាប់បង្ការ ទប់ស្កាត់ការជ្រៀតចូលកម្លាំងអមិត្តក្នុងកងយោធពលខេមរភូមិន្ទ ៕