ភ្នំពេញ ៖ មានការបែកធ្លាយ ទារលុយពីអ្នកជំងឺឆៅៗ ខុសប្រក្រតី នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ រហូតមានព័ត៌មានចុះផ្សាយ ឥឡូវប្រធានមន្ទីរ សុខាភិបាល រាជធានីភ្នំពេញ បានចាត់វិធានការណ៍ បញ្ឈប់មន្ត្រីជាប់កិច្ចសន្យាម្នាក់ និងមន្រ្តីម្នាក់ ផ្លាស់ប្ដូរទៅផ្នែកមួយផ្សេងទៀត ។
កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ពាក់ព័ន្ធករណីពលរដ្ឋ ទៅទទួលសេវា នៅទីនោះ ដោយទារប្រាក់ឆៅៗ និងបំភិតបំភ័យអ្នកជំងឺ ដើម្បីជាថ្នូប្រគល់ ប្រាក់ជូនខ្លួន និងការបម្រើសេវានានា ក៏ត្រូវបងប្រាក់ជាហូរហែរ ខុសប្រក្រតី ។ ស្រ្តីរងគ្រោះថា ករណីនេះមិនមែនកើត ឡើងតែលើគាត់ម្នាក់នេះទេ គេដទៃក៏ត្រូវបង់សេវាខុសប្រក្រតី បែបនេះដែរ ។
ក្រោយពីព័ត៌មាននោះត្រូវបានផ្សព្វផ្សាយ ជ្រាបដល់មហាជននិងថ្នាក់លើ ទើបលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងបានចាត់វិធានការណ៍ បញ្ឈប់មន្ត្រីជាប់កិច្ចសន្យាម្នាក់ និងមន្រ្តីពេញសិទ្ធិម្នាក់ទៀត ផ្លាស់ប្ដូរទៅផ្នែកមួយផ្សេងទៀត ។ លោកបញ្ជាក់ថា « អំពីភាពមិនប្រក្រតីកើតមានឡើង នៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។
១ – កម្មករអនាម័យ ជូតសម្អាតទារប្រាក់ពីអ្នកជំងឺ ។ ដំណោះស្រាយ គណៈគ្រប់គ្រងមន្ទីរពេទ្យ បញ្ឈប់គាត់ពីការងារ(គាត់ជាមន្ត្រីជាប់កិច្ចសន្យា)។
២ – មន្ត្រីទារប្រាក់បន្ថែមលើស ពីតម្លៃសេវា។ ដំណោះស្រាយ បង្វែរប្រាក់ជូនអ្នកជំងឺវិញ និងផ្លាស់មន្ត្រីប្រព្រឹត្តខុសឆ្គង ទៅបំរើការងារនៅ ផ្នែកមួយផ្សេងវិញ (នៅមន្ទីរពេទ្យបង្អែក រាជធានីដដែល)។ ទិសដៅបន្ត មន្ទីរពេទ្យពង្រឹង វិន័យការងារបន្ថែម និងបិទបន្ថែម នូវសេចក្តីជូនដំណឹង។
សូមជម្រាបថា ស្រ្តីម្នាក់ បន្ទាប់ពីសំរាលកូន ដោយវះកាត់ បានជោគជ័យ ខាងគ្រូពេទ្យ បានប្រាប់ក្រុមគ្រួសារ ម្តាយទារក អោយបង់លុយចំនួន ៣០០ដុល្លារ ពោលគឺត្រូវបន្ថែមចំនួន ២៦០ដុល្លារទៀត ព្រោះម្តាយទារក បានបង់សេវា ១៦ម៉ឺនរួចហើយ ។ នៅក្នុងថ្ងៃទី១៧ ខែធ្នូ ក្រុមគ្រួសារមិនទាន់មានលុយ គ្រប់បង់ទៅអោយពេទ្យនោះទេ។ លុះដល់ព្រឹកថ្ងៃទី១៨ ខែធ្នូ ក្រុមគ្រួសារក៏បង់បន្ថែមចំនួន ២៦០ដុល្លាទៀត ដើម្បីយកម្តាយទារក ទៅសំរាកនៅអាគារកណ្តាលជាន់ទី៣ ។ នៅពេលបន្លាស់បន្ទប់ ចេញពីអាគារវះកាត់រូបនេះ ខាងគ្រូពេទ្យក៏ទារលុយ ថែម១០ដុល្លាទៀត គេថាថ្លៃថ្នាំ ។
បន្ទាប់មក អ្នកជួយរុញ ឡើងទៅបន្ទប់ ជាន់ទី៣ ទារ១០ដុល្លារទៀត ។ក្រុមគ្រួសារអ្នកជំងឺរងគ្រោះ បាននិយាយថា ក្រោយពីការងឿងឆ្ងល់ ព្រោះលុយត្រូវចាយវាយហូរដូចទឹក ទើបគ្រឡេកឃើញតារាងតំលៃនៃការវះកាត់យកកូន មានតម្លៃត្រឹមតែ ៧០ម៉ឺនរៀល និង ៨០ម៉ឺនប៉ុណ្ណោះ ។
ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ខាងមន្ទីរពេទ្យ បានយកលុយមកសងវិញ ចំនួន ៥០ម៉ឺនរៀល និងបាននិយាយថា ខាងមន្ទីរពេទ្យមិនតម្រូវឱ្យមានការទារសេវាក្រៅផ្លូវការនោះទេ ។
បន្ទាប់ពីបែកធ្លាយករណីដ៏អាក្រក់បែបនេះ រួច មានវិធានការណ៍ពីថ្នាក់លើ មិនដឹងថា តើមានពលរដ្ឋប៉ុន្មាននាក់ ដែលបានជួបរឿងបែបនេះ នៅក្នុងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋសំណូមពរដល់លោករដ្ឋមន្រ្តីសុខាភិបាលជួយតាមដាន និងពិនិត្យមើលឲ្យបានជាប់លាប់ផងកុំឲ្យមានករណីនេះកើតឡើងទៀត ខណៈរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ជំរុញកិច្ចអភិវឌ្ឍន៍វិស័យសុខាភិបាលគួរកតសម្គាល់៕