តុលាការ​ចេញដីកា​កោះហៅ​លោក កឹម សុខា ឲ្យ​ចូលរួម​ក្នុង​សវនាការ​ខែក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2019 ក+ ក-

ភ្នំពេញ ៖ តុលាការចេញដីកាកោះលោក កឹម សុខា អតីតប្រធាន​នៃ​អតីត​គណបក្សសង្គ្រោះជាតិ ឲ្យចូលរួមក្នុងសវនាការនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ លោក​កឹម សុខា ជាប់ចោទពីបទសន្និដ្ឋិភាពជាមួយបរទេស។

លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានចេញដីកាកោះលោក កឹម សុខា ឲ្យសវនាការនាថ្ងៃទី១៥ ខែខែមករា ឆ្នាំ២០២០។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានដូចជា លោក កូយ សៅ ជាប្រធានក្រុមប្រឹក្សា លោកសេង លាង ចៅក្រមប្រឹក្សា លោកធាន ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងលោកជ័យ វាសនាជាក្រឡាបញ្ជីសវនាការ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​ទទួលបន្ទុក​ចាត់កា​រលើ​សំណុំរឿង​ព្រហ្មទណ្ឌ​ជំនុំជម្រះ​លេខ ៤៧៧៧ ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ ដែលមាន​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ជាប់ចោទ​ពីបទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មា​ត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ បានកំណត់​កាលបរិច្ឆេទ​ជំនុំជម្រះ​លើ​សំណុំ​រឿងនេះ នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក នៅ​សាល​សវនាការ​ទី​១ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​​​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​បានសម្រេច​ដាក់​លោក កឹម សុខា ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន ដែល​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ ពោលគឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការសម្រេច​នេះ ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព​និង​កិច្ចសហការ​ល្អ​របស់ លោក កឹម សុខា ជាមួយ​សមត្ថកិច្ច​នាពេល​កន្លងមក​។ ប៉ុន្តែ​លោក​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕