ជនស៊ីវិល៣៥នាក់ត្រូវបានសម្លាប់ ក្នុងវាយឆ្មក់លើប៉ុស្តិ៍នៅបួគីណាហ្វាសូ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2019 ក+ ក-

អាហ្គាដូហ្គូ ៖ ក្រុមបះបោរ Burkina Faso បានសម្លាប់ជនស៊ីវិលភាគច្រើនជាស្ត្រីចំនួន៣៥នាក់កាលពីថ្ងៃអង្គារទី២៤ធ្នូម្សិលមិញ បន្ទាប់ពីបានវាយប្រហារទីតាំងយោធានៅភាគខាងជើងខេត្តសួម (Soum) ភាគខាងជើងប្រទេសបួគីណាហ្វាសូ នៃតំបន់អាហ្វ្រិកភាគខាងលិច។ នេះបើតាមសារព័ត៌មាន CNA។

ការវាយប្រហារខាងលើបានកើតមានឡើងនៅថ្ងៃអង្គារសប្តាហ៍នេះ ខណៈប្រទេសនេះនៅតែស្ថិតក្នុងជម្លោះ ជាមួយក្រុមសកម្មប្រយុទ្ធតាមតំបន់មួយចំនួន នៅទូទាំងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ដែលរដ្ឋាភិបាលបួគីណាហ្វាសូ មិនទាន់អាចគ្រប់គ្រងទាំងស្រុងនៅឡើយ។ ក្រោយការវាយប្រហារកើតឡើងប្រធានាធិបតីបួគីណាហ្វាសូ លោក រ៉ូច ម៉ាច កាបូរ៉េ (Roch Marc Kabore) បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេលពីរថ្ងៃ។

រដ្ឋាភិបាលបួគីណាហ្វាសូបានឲ្យដឹងថា ក្នុងចំណោមមនុស្សស្លាប់ទាំង៣៥នាក់នោះគឺមាន៣១នាក់ជាស្ត្រី ខណៈការវាយលុករបស់រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ ក៏បានផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធជាង ៨០នាក់ផងដែរ។

ការវាយប្រហារខាងលើនេះបានកើតមានឡើងមួយខែ បន្ទាប់ពីការវាយប្រហារមួយផ្សេងទៀតកាលពីខែវិច្ឆិកា ដែលបានផ្តាច់ជីវិតមនុស្សជិត៤០នាក់ ស្ថិតនៅក្នុងតំបន់ដែលមានជម្លោះជាមួយក្រុមជនជាតិភាគតិចអ៊ីស្លាម៕