ឆ្នាំ២០១៩ CMAC សម្អាតផ្ទៃដីមានគ្រាប់មីន៦៦លានម៉ែត្រក្រឡា និងកម្ទេចជាង៣ម៉ឺនគ្រាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2019 ក+ ក-

ភ្នំពេញ ៖  ក្នុងរយៈពេល១២ខែ ឆ្នាំ២០១៩ ប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរំដោះផ្ទៃដី ៦៦.៩៦៦.៥៤៤ ម៉ែត្រក្រឡា និងកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះជាង៣៦.១៦៥គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន៥,៤១៥គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន៧៥គ្រាប់ មីនច្នៃចំនួន១៥គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣០,៦៦០គ្រាប់។ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)។

យោងតាមទំព័រហ្វេសប៊ុក របស់លោក ហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញនូវលទ្ធផលការងាររបស់អង្គភាពស៊ីម៉ាក់ ឆ្នាំ២០១៩ ដោយសង្ខេបដូចខាងក្រោម៖

១៖ ការងារអប់រំយល់ដឹងពីមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងការជួយសង្គ្រោះជនពិការដោយសារមីន៖
សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់ បានចុះធ្វើការផ្សព្វផ្សាយការអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅ បានចំនួន១១,២៣៥លើក និងមានប្រជាពលរដ្ឋចូលរួមចំនួន៥៣៣,២៤២នាក់ផងដែរ។

ការងារជួយសង្គ្រោះជនពិការដោយសារមីន ក៏សម្រេចបានលទ្ធផលល្អ ទាំងក្នុងការកៀរគរជំនួយ និងការឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះ។ សកម្មភាពនេះបានទទួលការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធយ៉ាងសកម្ម ដូចជាការសម្របសម្រួល ក្នុងការជីកស្រះទឹក ប្រព័ន្ធប្រឡាយ ផ្លូវ និងការអប់រំបង្កើតមុខរបរថ្មីៗជាដើម។

២៖ ការហ្វឹកហ្វឺន និងពង្រឹងសមត្ថភាព៖ ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងគាំទ្រការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ នៅតំបន់រងការគំរាមកំហែងដោយសារមីន អង្គភាពស៊ីម៉ាក់បានផ្ដល់ការហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពជំនាញ ក្នុងការឆ្លើយតបព័ត៌មានគ្រាប់ ជូនដល់កម្លាំងនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ជាពិសេសបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រមាណជាង៤០០នាក់ ក្នុងនោះផ្ដល់ការបណ្ដុះបណ្ដាល ការអប់រំយល់ដឹងពីមីន ដល់មន្រ្តីនគរបាលស្ម័គ្រចិត្តចំនួនជាង១០០នាក់ និងការហ្វឹកហ្វឺនជំនាញកម្ទេចយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់កងយោធពលខេមរភូមិន្ទ ប្រមាណជាង៣០០នាក់។

ជាមួយគ្នានេះដែរ រយៈពេល១២ខែ ឆ្នាំ២០១៩នេះ អង្គភាពស៊ីម៉ាក់បានផ្ដល់ការហ្វឹកហ្វឺនជំនាញ ក្នុងវិស័យសកម្មភាពកំចាត់មីន ជូនមន្រ្តីជំនាញសកម្មភាពមីនមកពីប្រទេសអ៊ីរ៉ាក់/ឃើដ ប្រទេសកូឡុំប៊ី និងប្រទេសឡាវ។ ការហ្វឹកហ្វឺនទាំងនេះទទួលបានការគាំទ្រពី JICA និង JICS ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន១១៥នាក់។

៣៖ ការងារប្រតិបត្តិការបោសសម្អាតមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងរំដោះផ្ទៃដី៖ សម្រាប់រយៈពេល១២ខែ ឆ្នាំ២០១៩នេះ លទ្ធផលប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមមានជាអាទិ៍ដូចជា៖ រំដោះផ្ទៃដីបានទំហំ៦៦,៩៦៦,៥៤៤ ម៉ែត្រក្រឡា លើចំការមីន/ចំការគ្រាប់ចំនួន ៤៨៧ទីតាំង កិច្ចប្រតិបត្តិការនេះរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង៣៦,១៦៥គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន៥,៤១៥គ្រាប់មីនប្រឆាំងរថក្រោះ ចំនួន៧៥គ្រាប់ មីនច្នៃចំនួន១៥គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣០,៦៦០គ្រាប់ និងបោះផ្លាកសញ្ញាព្រំចំការមីនបានប្រវែង៣៧១,២០០ម៉ែត្រ ព្រមទាំងឆ្លើយតបតាមសំណើ (EOD Calls) ចំនួន៣,១៤៤ សំណើ។

៤៖ ការងារស្រាវជ្រាវព័ត៌មានចំការមីន និងចំការគ្រាប់៖ ការងារស្រាវជ្រាវ និងដាក់ស្លាកសញ្ញាក្នុងរយៈពេល ១២ខែនេះ បានធ្វើការស្រាវជ្រាវព័ត៌មានចំការមីន ចំការគ្រាប់បែកចង្កោម តាមលក្ខណៈបច្ចេកទេស និងមិនបច្ចេកទេស ដោយសម្រេចបានប្រមាណជិត៩០០ហិកតា និងខាងជំនួយគម្រោង UNDP-CFR ក៏បានបន្ថែមជំនួយ លើការងារស្រាវជ្រាវព័ត៌មានតំបន់ចំការមីន លើភូមិចំនួន៣៨៦ ស្ថិតក្នុងខេត្តប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយបានរកឃើញចំការមីន/គ្រាប់ថ្មីចំនួន៦២២ទីតាំង ស្មើនឹងផ្ទៃដី៩៦.២៨៦.៥៨៦ម៉ែត្រក្រឡា (បន្ថែមលើផែនការ)។ សំគាល់៖ លទ្ធផលនៃការអនុវត្តផែនការបោសសំអាតមីនមានការថយចុះ ដោយសារការផ្លាស់ប្តូរផែនការមកបង្កើនកំលាំងលើភារកិច្ចស្រាវជ្រាវចំការមីន/ចំការគ្រាប់ វិញ។

៥៖ សមិទ្ធិផលរួមក្នុងសង្គម៖ កិច្ចប្រតិបតិ្តការរំដោះផ្ទៃដី ក្នុងឆ្នាំ២០១៩នេះ បានផ្តល់ប្រយោជន៍ដោយផ្ទាល់ ដល់ប្រជាពលរដ្ឋចំនួន៤០,៨៥០គ្រួសារ និងដោយប្រយោលជាង៥០,០០០គ្រួសារ គិតជាមនុស្សរាយជិត១លាននាក់។ ទន្ទឹងនឹងនេះ ការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារមីនបានចំនួន១១,២៣០លើក ស្មើនឹង៧០,៤២៨ខ្នងផ្ទះ គិតជាមនុស្សរាយដែលសិស្សនិសិ្សត និងប្រជាពលរដ្ឋទូទៅចំនួន៥៣៣,២៤២នាក់ផងដែរ៕