កម្ពុជាកំពុងសិក្សាពីគម្រោងសាងសង់ផ្លូវតភ្ជាប់អាស៊ាន ១៣១គ.ម.ដែលផ្តល់កម្ចីដោយថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 December, 2019 ក+ ក-

ភ្នំពេញ ៖ ប្រទេសចំនួនបីក្នុងអាស៊ាន ដែលថៃ គ្រោងផ្តល់ប្រាក់កម្ចីប្រមាណ ២៨១,៦ លានដុល្លារ សម្រាប់ឲ្យសាងសង់ផ្លូវចំនួន ៤ខ្សែ ក្នងនោះកម្ពុជានឹងទទួលបានជាង ៣៩,៧៨ លានដុល្លារសម្រាប់សង់ផ្លូវ១ខ្សែប្រវែង ១៣១គីឡូម៉ែត្រពី ថៃ ឆ្ពោះមកកម្ពុជា កាត់តាមតំបន់សំខាន់ៗរវាងព្រំដែនប្រទេសទាំង២ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលនេះ គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថៃ។
កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ថៃ លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេសជិតខាង ដែលថា «អត្រាការប្រាក់សម្រាប់គម្រោងផ្លូវនីមួយៗ ត្រូវបានកំណត់ត្រឹម ០,១ ភាគរយប៉ុណ្ណោះ» ។ ចំណែកក្រុមអ្នកសង្កេតការណ៍ បានឲ្យដឹងថា សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងមីយ៉ាន់ម៉ា មិនមានបន្ទុកបំណុលនោះទេ ដែលគួរតែស័ក្តិសមនឹងគំនិតផ្តួចផ្តើមនេះ។
មន្ត្រីរដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រាប់ឲ្យដឹងថា បើសិនគម្រោងផ្លូវថ្មីតភ្ជាប់ពីថៃ មកកម្ពុជា អាចដំណើរការមែននោះ វានឹងពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ពិសេសការលើកកម្ពស់អាជីវកម្ម និងពាណិជ្ជកម្មនៅតាមព្រំដែន កាន់តែមានទំហំធំធេងជាងមុន។
គួរជម្រាបថា កន្លងមក កម្ពុជាបាននាំចេញជាចម្បងនូវទំនិញកសិកម្មដូចជា ស្វាយ អង្ករ ពោត ដំឡូង និងសណ្តែក ខណៈការនាំចូលរបស់កម្ពុជាមកវិញរួមមាន គ្រឿងអគ្គិសនី ប្រេង សម្ភារសំណង់ គ្រឿងសម្អាង និងសម្ភារផ្ទះបាយ ដែលវានឹងជួយជំរុញការនាំចេញកសិផលទៅថៃ ហើយក៏ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាដែរ» ហើយប្រទេសទាំង ២ បានសន្យាបង្កើនទំហំពាណិជ្ជកម្មនៅឆ្នាំ ២០២០ ឲ្យដល់១៥ ពាន់លានដុល្លារ៕