ចិនផ្តល់ជំនួយជាង២លានដុល្លារដល់សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 December, 2019 ក+ ក-

ភ្នំពេញ ៖ រដ្ឋាភិបាលចិនបានសំរេចផ្តល់ជំនួយចំនួន២លាន៥សែនដុល្លារអាមេរិក​ ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ឆ្នាំ២០២០។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះថា ថវិកាជាជំនួយឥតសំណងចំនួន២,៥០០,០០០​ ដុល្លារនៃ​រដ្ឋាភិបាលចិននេះ​ នឹងត្រូវប្រើប្រាស់ដើម្បីអនុវត្តគម្រោង “ជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា”​ ហើយគម្រោងនេះគាំទ្រការពង្រាយកម្លំាងប្រតិបតិ្តការរបស់អង្គភាពស៊ីម៉ាក់នៅខេត្តព្រះវិហារ​ ខេត្តឧត្តមានជ័យ​ ខេត្តស្ទឹងត្រែង​ ព្រមទាំងកម្លាំងអន្តរាគមន៍នៅខេត្តសៀមរាប​ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម​ ដែលមានផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួនជាង១៧គីឡូម៉ែត្រក្រឡា។ លោកបញ្ជាក់ថា គម្រោងនេះត្រូវប្រើប្រាស់កម្លំាងជំនាញជិត៣០០នាក់​ ក្នុងរយៈពេល១ឆ្នាំគឺពីថ្ងៃទី១​ ខែមករា ដល់ថ្ងៃទី៣១​ ខែធ្នូ​២០២០។

គួរបញ្ជាក់ថា គម្រោងជំនួយឥតសំណង​រដ្ឋាភិបាលចិននេះមានរយៈ​ពេល៣ឆ្នាំ​ (២០២០-២០២២)​ ហើយនេះជាឆ្នាំទី១។ សូមរំលឹកថា​ រដ្ឋាភិបាលចិនបានផ្តល់ជំ​នួយទំហំថវិកាដូចគ្នានេះនៅចុងឆ្នាំ២០១៨ ដើមឆ្នាំ២០១៩​ផងដែរ​ ដែលបានអនុវត្តការបោសសំអាតមីន និងសំណល់ជាតិផ្ទុះតាមបណ្តាខេត្តដូចខាងលើផងដែរ៕