ភ្នំពេញ ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ កាន់តែមានលទ្ធភាពច្រើនឡើងថែមទៀតក្នុងការដោះស្រាយ នូវតម្រូវការជាអាទិភាពនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលចាប់ពីឆ្នាំ២០២០ តទៅ រាជរដ្ឋាភិបាលនឹងទម្លាក់ ថវិកាបន្ថែមទៅឱ្យឃុំ សង្កាត់ នៅទូទាំងប្រទេសលើកលែងតែរាជធានីភ្នំពេញ ដោយរដ្ឋបាលឃុំ សង្កាត់ នីមួយៗនឹងទទួលបានការដំឡើងជាមធ្យមឱ្យឡើងដល់ ១២ម៉ឺនដុល្លារអាមេរិក ដែលក្នុងនោះថវិកា សម្រាប់ចំណាយទៅលើការអភិវឌ្ឍក្នុងមូលដ្ឋានមានប្រមាណជា ៧ម៉ឺនដុល្លារ ពោលគឺកើនឡើងទ្វេដង បើប្រៀបធៀបនឹង ឆ្នាំ២០១៩ នេះ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេ ខាធិការប្រចាំការក្រសួងមហាផ្ទៃ ក្នុងឱកាសនៃការបើកមហាសន្និបាតអាណត្តិទី៣ របស់សម្ព័ន្ធភាពជាតិ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នាព្រឹកថ្ងៃទី២៦ ធ្នូ នេះ។
លោករដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ សក់ សេដ្ឋា បានបន្ថែមថា ជាងនេះទៅទៀត ការ ដំឡើងថវិកាដល់ឃុំ សង្កាត់ នឹងត្រូវបន្តកើនឡើងជារៀងរាល់ឆ្នាំដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបានជាមធ្យមចំនួនជាង ១៩ម៉ឺនដុល្លារអាមេរិក ដែលការកើនឡើងនូវចំនួន ថវិកានេះ នឹងធ្វើឱ្យឃុំ សង្កាត់ធំៗមួយចំនួនអាចទទួលបានកញ្ចប់ថវិការហូតទៅដល់ជាង ៤៥ម៉ឺនដុល្លារ អាមេរិកនៅត្រឹមឆ្នាំ២០២៣ មានដូចជាសង្កាត់ប៉ោយប៉ែតនៃក្រុងប៉ោយប៉ែត និងឃុំក្រែកនៃស្រុកពញា ក្រែក ខេត្តត្បូងឃ្មុំជាដើម។
ក្នុងឱកាសនេះ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលដែលសម្ព័ន្ធភាពជាតិសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សម្រេចបានក្នុងរយៈពេលពីរអាណត្តិរបស់ខ្លួនកន្លងមកនេះ និង បានជម្រុញឱ្យមន្ត្រីនៅតាមមូលដ្ឋាននីមួយៗ បង្កើននូវការយកចិត្តទុកដាក់ថ្មីៗបន្ថែមទៀត ក្នុងការបំរើ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសគឺការអភិវឌ្ឍនៅតាមមូលដ្ឋាន ខណៈដែលរាជរដ្ឋាភិ បាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍនៅមូលដ្ឋាន តាមរយៈការបន្ថែមចំនួនថិកាទៅឱ្យរដ្ឋ បាលឃុំ សង្កាត់ ចាប់ពីឆ្នាំ២០២០ តទៅនោះ។
ក្នុងមហាសន្និបាតនេះ ប្រធានសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលហៅកាត់ថា សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន លោក សយ កុសល មានប្រសាសន៍ថា សម្ព័ន្ធភាពជាតិមួយនេះ គឺជាស្ថាប័នតំណាងឱ្យក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទូទាំងប្រទេស ដែលមានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន២០៣ និងក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន១៦៤៦ ជាសមាជិក ដោយសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នេះ ត្រូវបានបង្កើតឡើងតាមរយៈ ការប្រមូលផ្តុំដោយស្ម័គ្រចិត្តនូវសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដើម្បីអនុវត្តសកម្មភាពក្នុងគោលបំណង ការពារ និងបំរើផលប្រយោជន៍រួមរបស់សមាជិក និងលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ ប្រជាជន ដោយក្នុងរយៈពេលកន្លងមកនេះ សម្ព័ន្ធភាពជាតិបានធ្វើកិច្ចការងារនេះជាច្រើនមកហើយ ហើយនឹងបន្តធ្វើឱ្យមានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀត នៅក្រោយមហាសន្និបាតលើកទី៣ របស់ខ្លួន នាពេលនេះ៕