ស៊ីម៉ាក់ដាក់ចេញផែនការសំខាន់ៗចំនួន៥ចំណុចសម្រាប់អនុវត្តន៍ឆ្នាំ២០២០
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 December, 2019 ក+ ក-

ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដាក់ចេញផែនការសំខាន់ៗចំនួន៥ចំណុច សម្រាប់អនុវត្តន៍ឆ្នាំ២០២០ ដោយក្នុងនោះរំដោះផ្ទៃដីមានមីន និងគ្រាប់ចំនួន១១៦គីឡូម៉ែត្រក្រឡា និងកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់

ផែនការសមាហរណកម្មបោសសម្អាតមីន​២០២០​ របស់អង្គភាពស៊ីម៉ាក់​ មានគោលដៅសំខាន់ៗដូចខាងក្រោម៖​

១- កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីចំការមីន ចំការគ្រាប់​ចំនួន១១៦គីឡូម៉ែត្រក្រឡា​ ក្នុងនោះមានចំការមីនចំនួនប្រមាណ៧៩គីឡូម៉ែត្រក្រឡា​ និងចំការគ្រាប់ចំនួន៣៨គីឡូម៉ែត្រក្រឡា។ នៅចំពោះមុខនេះមានការបញ្ជាក់គំរោងចាប់ផ្តើមអនុវត្តបានមានចំនួនជាង៨០គីឡូម៉ែត្រក្រឡា​ ហើយនៅសល់៣៦គីឡូម៉ែត្រក្រឡា​ កំពុងរង់ចាំនិងស្វែងរកដៃគូជំនួយដើម្បីគាំទ្រផែនការនេះ​ ដើម្បីសំរេចបានគោលដៅរំដោះដី១១៦គីឡូម៉ែត្រក្រឡានេះ​ ត្រូវការកំលាំងជំនាញសរុបជាង១.៦០០នាក់។ កំលាំងអន្តរាគមន៍កម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអាចកំទេចគ្រាប់ចំនួនប្រមាណ៤០.០០០គ្រាប់ និងត្រូវឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ៗ​ចំនួន៥.០០០ករណី។

២- ការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន៖ អង្គភាពស៊ីម៉ាក់នឹងបន្ដពង្រឹងកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនិងអាជ្ញាធរមូលដ្ឋាន​ ដើម្បីហ្វឹកហ្វឺនពង្រីកបណ្ដាញស្ម័គ្រចិត្តតាមមូលដ្ឋាននៅទូទាំងប្រទេស ដែលត្រូវប្រព្រឹតិ្តទៅ១២,០០០លើក​ មានចំនួន​ ១០០,០០០ខ្នងផ្ទះ​ មានមនុស្សរាយចំនួ​ន៧០ម៉ឺននាក់។

៣- ការងារស្រាវជ្រាវព័ត៌មានចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ៖ បន្ដខិតខំកៀរគរជំនួយដើម្បីបញ្ចប់ការងារស្រាវជ្រាវព័ត៌មានកម្រិតមូលដ្ឋានឲ្យបានចប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសស្របតាមផែនការយុទ្ធសាស្រ្ដរបស់អាជ្ញាធរមីន។

សូមបញ្ជាក់ថា តំបន់ដែលមិនទាន់បានចុះស្រាវជ្រាវព័ត៌មានភាគច្រើនជាតំបន់គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបច្ចុប្បន្ននេះកម្លាំងស្រាវជ្រាវអង្គភាពស៊ីម៉ាក់មានចំនួន១២ក្រុម អាចបន្ដបំពេញភារកិច្ចនេះតាមសំណូមពរបាន។ ក្នុងឆ្នាំ២០២០កំលាំងអាចស្រាវជ្រាវលើចំនួន៨០០ភូមិ។

៤- ការងារហ្វឹកហ្វឺន ៖ នឹងសហការផ្ដល់ការហ្វឹកហ្វឺនដល់កងទ័ពជើងគោក ដើម្បីរួមចំណែកក្នុងភារកិច្ចបោសសម្អាតមីនមានចំនួនប្រមាណ៥០០នាក់ទាំងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងនៅមូលដ្ឋានកងទ័ព​និងហ្វឹកហ្វឺនអន្តរជាតិដូចជាមកពីប្រទេសអ៊ីរ៉ាក់​ កូឡុំប៊ី​ ឡាវ​ជាដើមចំនួន៥វគ្គមានសិក្ខាកាមអន្តរជាតិជាង១០០នាក់។

៥- ការងារពង្រឹងសមត្ថភាពមន្ត្រី​ ការអភិវឌ្ឍ​នីតិវិធីស្តង់ដាប្រតិបត្តិការ​ និងការងារសហការកិច្ចការសន្តិសុខនានាជាដើម។ ល។

សូមជម្រាបថា នៅរយៈពេល១២ខែ ឆ្នាំ២០១៩ ស៊ីម៉ាក់ បានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបជាង៣៦,១៦៥គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន៥,៤១៥គ្រាប់ មីនប្រឆាំងរថក្រោះ ចំនួន៧៥គ្រាប់ មីនច្នៃចំនួន១៥គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៣០,៦៦០គ្រាប់។ នៅក្នុងប្រតិបត្តិការឆ្នាំ២០១៩ ស៊ីម៉ាក់បានរំដោះផ្ទៃដីចំការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមបានទំហំ៦៦,៩៦៦,៥៤៤ ម៉ែត្រក្រឡា លើចំការមីន/ចំការគ្រាប់ចំនួន ៤៨៧ ទីតាំង៕