ប៉េកាំង ៖ ចិននឹងបញ្ជូននាវាពិឃាដបំពាក់មីស៊ីល Xining ទៅចូលរួមសមយុទ្ធជាមួយប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់៣០ ខែធ្នូ នៅមហាសមុទ្រឥណ្ឌា និងឈូងសមុទ្រអូម៉ង់។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិចិន ដែលដកស្រង់ចេញផ្សាយដោយសារព័ត៌មាន telegraph។
អ្នកនាំពាក្យក្រសួងការពារជាតិចិន អះអាងថា សមយុទ្ធនេះនឹងរឹតចំណងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំង៣។ អ្នកនាំរូបនេះសង្កត់ធ្ងន់ថា លំហាត់ហ្វឹកហ្វឺននេះ គឺជាការផ្លាស់ប្តូរយោធាគ្នាធម្មតាតែប៉ុណ្ណោះ ដែលស្របតាមច្បាប់អន្តរជាតិ។ «វាមិនចាំបាច់ទាល់តែសោះក្នុងការភ្ជាប់សមយុទ្ធនេះ ទៅនឹងស្ថានភាពក្នុងតំបន់»។
ដោយឡែកបើតាមអ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ ឱ្យដឹងថា មហាសមុទ្រឥណ្ឌា និងឈូងសមុទ្រអូម៉ង់ គឺជាតំបន់ដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ និងការរក្សាសន្តិសុខ។ លោកបញ្ជាក់ថា «សមយុទ្ធនេះ នឹងធ្វើឡើងដើម្បីគាំទ្រ និងបង្កើនបទពិសោធន៍ ក្នុងសន្តិសុខនៃពាណិជ្ជកម្មអន្តរជាតិ ក្នុងតំបន់»៕
សូមជម្រាបថា សមយុទ្ធនេះធ្វើឡើងក្នុងខណៈដែលមានភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ ជុំវិញបញ្ហានុយក្លេអ៊ែរ៕