ខេត្តព្រៃវែង ៖ កម្លាំងនគរបាលស្រុកស៊ីធរកណ្តាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដោយអនុវត្តតាមដីកាបង្គាប់ឲ្យឃាត់ខ្លួនចំនួន៤ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង១៣ និង២០នាទី នៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
មន្ត្រីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ន់ ស្រ៊ាង ភេទប្រុស អាយុ៤៧ឆ្នាំ ស្រុកកំណើតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ បច្ចុប្បន្នរស់នៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ប្រភពដដែលបន្តថា ដីកាចំនួនរួមមាន ៖ ដីកាទី១-បង្គាប់ឲ្យចាប់ខ្លួនលេខ០៣/១៩ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩។ ដីកាទី២-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ០៤/១៩ ចុះថ្ងៃទី០៩ខែមករា ឆ្នាំ២០១៩ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ស៊ន់ ស្រ៊ាង ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ចេញដោយលោក អាំង សុភា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត។ ដីកាទី៣- បង្គាប់ឲ្យចាប់ខ្លួនលេខ១៥ដបចព្រ/ទ២០១៩ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ចេញដោយលោក សាំង សេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ពីបទប្រើប្រាស់ឯកសារក្លែង និងដីកាទី៤- ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៧០/១៩ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ឲ្យចាប់ខ្លួនឈ្មោះ ស៊ន់ ស្រ៊ាង ពីបទប្រើប្រាស់ឯកសារក្លែងចេញដោយលោក រស់ បូផាណា ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តព្រៃវែង។
ប្រភពបន្តថា វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកC125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ លេខតួ និងលេខម៉ាស៊ីន5609031 គ្មានស្លាកលេខចំនួន១គ្រឿង, ស្លាកលេខម៉ូតូ១៦, កញ្ចក់ម៉ូតូចំនួន៥គូរ,,ដុំសោរម៉ូតូចំនួន៤សម្រាប់, សោរលេខ១២ចំនួន, កាំបិតកៃចំនួន, កាតាបពណ៌ខ្មៅចំនួន១, វិក្កយបត្រពេទ្យចំនួន១សន្លឹក, ទូរស័ព្ទម៉ាកណូគាពណ៌ខ្មៅចំនួន១គ្រឿង។
បច្ចុប្បន្នមុខសញ្ញាខាងលើ និងវត្ថុតាងសមត្ថកិច្ចយកមក អធិការដ្ឋាននគរបាលស្រុកស៊ីធរកណ្ដាល ដើម្បីបំពេញសំណុំរឿងតាមនីតិវិធី៕