ចិន ៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (គុនមិញ) នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងសុន្ទកថានាពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអង្គពិធីថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ និងធុរកិច្ច ពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញគំរូផលិតផលសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា ជូនដល់វិនិយោគិន ធុរជន និងប្រជាជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។
ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗនៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដោយមជ្ឈមណ្ឌលជាចំណុចប្រសព្វនៃព័ត៌មាន ដែលវិនិយោគិន ធុរជន និងប្រជាជនចិនអាចទទួលបានដោយផ្ទាល់ និងនៅជិតដៃ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅពីផលិតផលនាំចេញសក្ដានុពល បរិយាកាសធុរកិច្ច និងវិនិយោគ ក៏ដូចជាវប្បធម៌ និងទិសដៅទេសចរណ៍នៃប្រទេសកម្ពុជា ក្នុងគោលបំណងទាក់ទាញទាំងពាណិជ្ជករ វិនិយោគិន និងទេសចរណ៍មកកាន់ប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី មានសង្ឃឹមខ្ពស់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងគុនមិញ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាដទៃទៀត នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ក៏ដូចជាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យកើនឡើងជាលំដាប់។ ជាក់ស្ដែង នៅឆ្នាំ២០១៨ យើងសម្រេចបានទំហំពាណិជ្ជកម្មសរុបចំនួន ៦,៥ ពាន់លានដុល្លារ កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១៩ នេះដែរ ទំហំពាណិជ្ជកម្មសរុបនឹងកើនឡើងដល់ចំនួន ៨,២ ពាន់លានដុល្លារ ស្មើនឹងកំណើនចំនួន ២៧% ធៀបនឹងឆ្នាំ២០១៨។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រ និងជួយជំរុញដល់ដំណើរការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា គឺសេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ និងប្រជាជន ហើយជឿជាក់ថា ប្រទេសទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត នៅពេលអនាគត។
ថ្លែងសុន្ទរកថា ស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នាពេលនោះដែរ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបជូនថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងគុនមិញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម កម្ពុជាទី៦ ដោយកម្ពុជាបានបើកមជ្ឈមណ្ឌលបែបនេះ ចំនួនប្រាំរួចមកហើយនៅទីក្រុងក្វាងចូវ ហាយនីង ស៊ីអាន ហុងកុង និងយានថាយ។
ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្មទាំងប្រាំមួយ ក៏ដូចជាកិច្ចព្រមព្រៀងដែលកម្ពុជាមានរួចមកហើយជាមួយនឹងចិន កម្ពុជា និងចិន ក៏នឹងពិនិត្យលទ្ធភាពដើម្បីឈានទៅដល់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក្នុងឆ្នាំ២០២០ ខាងមុខ ដោយទាំងអស់នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យកាន់តែរឹងមាំ ក៏ដូចជាបង្កើតនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជននៃប្រទេសទាំងពីរ៕