ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកៅស៊ូចំនួន២៣៣,៦៧៧តោន កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូលប្រមាណ៣១១ លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ១១ខែដំបូង ឆ្នាំ២០១៩នេះ មានតម្លៃ១,៣៣១ដុល្លារក្នុង១តោន បានធ្លាក់ចុះ០.៣%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល១១ខែ មានចំនួនប្រមាណជា ៣១១,០២៤,០៨៧ដុល្លារអាមេរិក។
សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែវិច្ឆិកា មានចំនួនប្រមាណជាជាង ៣៣,៥៨១តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែវិច្ឆិកានេះមានតម្លៃ ១,៣៣៣ដុល្លារក្នុង១តោន បានកើនឡើង១.៨៩% បើធៀបនិងខែមុនកន្លងផងដែរ។
សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕