ភ្នំពេញ ៖ បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យឆ្លង ឆ្នាំសកល ឆ្នាំ២០១៩ ចូលឆ្នាំ២០២០ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត ១លាន ៤សែននាក់ បានដើរកម្សាន្ដតាមរមណីយដ្ឋាននានានៅទូទាំងប្រទេសកម្ពុជា ចំនួននេះមានការកើនឡើងប្រមាណ ២២.៧០ភាគរយ បើធៀបនឹងឱកាសដូចគ្នានេះកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៦ម៉ឺននាក់ ធ្លាក់ចុះ ៨.៩០ភាគរយ និងភ្ញៀវទេសចរជាតិ ១លាន ៣សែននាក់ កើនឡើង ២៥.៣០ ភាគរយ។
លោក ថោង ខុន ថា រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរប្រមាណ ៣៦ម៉ឺននាក់, ខេត្ត សៀមរាបប្រមាណ ៣០ម៉ឺននាក់, ខេត្តព្រះសីហនុជិត ១០ម៉ឺននាក់, ខេត្តកែប ១៥ម៉ឺននាក់, ខេត្តកំពតជិត ១៣ម៉ឺននាក់, ខេត្តកោះកុង ៣ម៉ឺននាក់, ខេត្តមណ្ឌលគិរី ១ម៉ឺននាក់, ខេត្តរតនគិរីជិត ៨ពាន់នាក់ បន្ទាយមានជ័យជាង ២ម៉ឺននាក់, បាត់ដំបងជិត ៩ម៉ឺននាក់, កំពង់ឆ្នាំងជាង ៣ម៉ឺននាក់, កំពង់ស្ពឺជាង២ ម៉ឺននាក់ និងត្បូងឃ្មុំជិត ៥ម៉ឺននាក់។ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍បានអរគុណចំពោះសន្តិភាព ដែល សន្តិភាពនេះបានអនុញ្ញាតឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបាននាំគ្នាដើរលេងយ៉ាងសប្បាយរីករាយ។
ជាមួយគ្នានេះ លោក ថោង ខុន បានគូសបញ្ជាក់ថា តាមរយៈសកម្មភាពនៃការដើរលេងកម្សាន្ត ដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋខ្មែរ ក្នុងរាត្រីឆ្លងឆ្នាំសកលនេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់ នៃសុខសន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបាន និងកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរ។ កត្តាដែលនាំឲ្យពលរដ្ឋដើរលេង កម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួនដូចជា កត្តាសុខសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋ៕