សិង្ហបុរី ៖ តម្លៃប្រេងឆៅបានកើនឡើងជាង១ ដុល្លារនៅថ្ងៃសុក្របន្ទាប់ពីមានការផ្សាយថា ការវាយប្រហារតាមអាកាសដឹកនាំដោយសហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ បានសម្លាប់បុគ្គលិកយោធាអ៊ីរ៉ង់ និងអ៊ីរ៉ាក់ ដោយបង្កើនក្តីបារម្ភថា ការកើនឡើងភាពតានតឹងនៅមជ្ឈឹមបូព៌ាអាចរំខានដល់ការផ្គត់ផ្គង់ប្រេង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រេងឆៅប្រភេទ Brent មានតម្លៃ ៦៧,៤៨ ដុល្លារក្នុងមួយបារ៉ែលកើនឡើង ១,២៣ ដុល្លារឬ ១,៨៦% ខណៈប្រេងឆៅអាមេរិក WTI ហក់ឡើងថ្លៃ ១.០៣ដុល្លារ ឬ ១.៦៨ភាគរយបន្ថែម ជាមួយតម្លៃ ៦២.២១ដុល្លារក្នុងមួយបារ៉ែល។
លោក Edward Moya អ្នកវិភាគនៅក្រុមហ៊ុនឈ្មួញជើងសា OANDA បានថ្លែងប្រាប់រ៉យទ័រថា “ ហានិភ័យនៃការផ្គត់ផ្គង់នៅតែកើនឡើងនៅមជ្ឈឹមបូព៌ា ហើយយើងអាចមើលឃើញភាពតានតឹងបន្តកើនឡើងរវាងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់” ។
អ្នកនាំពាក្យកងជីវពលអ៊ីរ៉ាក់បានប្រាប់រ៉យទ័រថា ការវាយប្រហារតាមអាកាសមួយនៅអាកាសយានដ្ឋានអន្តរជាតិបាកដាដនៅព្រឹកថ្ងៃសុក្រនេះបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ប្រធានកងកម្លាំង Quds និងមេបញ្ជាការកងជីវពលអ៊ីរ៉ាក់លោក Abu Mahdi al-Muhandis។
គួរជម្រាបថា ឧត្ដមសេនីយ៍លោក Qassem Soleimani ដែលជាប្រមុខកងអង្គភាព Quds Force នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង រួមជាមួយមនុស្ស ០៦នាក់ផ្សេងទៀត ក្នុងនោះរួមមានទាំងលោក អាបូ ម៉ាហ៍ឌី អាល់មូហាន់ឌីស (Abu Mahdi al-Muhandis) ដែលជាមេបញ្ជាការនៃកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ ត្រូវបានគេអះអាងថា បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងទីក្រុងបាកដាដ នៅថ្ងៃសុក្រនេះ។ ប៉ុន្តែអ៊ីរ៉ង់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕