បន្ទាយមានជ័យ ៖ ជនជាប់ចោទម្នាក់ត្រូវបានស្លាប់បន្ទាប់ពីឃុំខ្លួនមួយយប់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពព័ត៌មានដែលអាចជឿទុកចិត្ត បានអោយដឹងថា ជនជាប់ចោទមានឈ្មោះ ទុយ ស្រស់ អាយុ៣៤ឆ្នាំ មានទីលំនៅ ក្នុងភូមិជ្រៃ ឃុំ សឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួននៅក្នុងសកម្មភាពតវ៉ារឿងដីធ្លី នៅមុខសាលាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ២០១៩។
ប្រភពបានបញ្ជាក់អោយដឹងដែរថា ប្រជាពលរដ្ឋមួយក្រុមបាននាំគ្នាមកប្រមូលផ្តុំតវ៉ានៅមុខសាលាខេត្តដើម្បីសុំអោយអាជ្ញាធរជួយដោះស្រាយរឿងដីធ្លីរបស់ពួកគាត់ស្ថិតនៅចំនុច បឹងកន្សែង ឃុំ សឹង្ហ ស្រុក អូរជ្រៅ ដែលអាជ្ញាធរចុះរុះរើនិងហាមឃាត់កាលពីអំឡុងដើមខែធ្នូកន្លងទៅ។
ក្នុងសកម្មភាពតវ៉ារឿងដីធ្លីនៅមុខសាលាខេត្តនោះដែរ សមត្ថកិច្ចបានចាប់មនុស្សចំនួន៥នាក់ ដែលគេអះអាងថា ជាមេក្លោងញ៉ុះញុងអោយមានការតវ៉ា។មនុស្សទាំង៥នាក់ដែលត្រូវឃាត់ខ្លួនមាន ១-ឈ្មោះ នូវ នឿន ភេទប្រុស អាយុ ៦១ ឆ្នាំ រស់នៅ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ២- ឈ្មោះ យិប ម៉ក់ ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ ៣-ឈ្មោះ ហឹម គីរី ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិ ស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ៤-ឈ្មោះ អាន រួន ភេទប្រុស អាយុ ៥៩ ឆ្នាំ រស់នៅភូមិក្បាលខ្ទីង ឃុំ បុស្បូវ ស្រុកព្រះនេត្រព្រះ និង៥-ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិជ្រៃ ឃុំសឹង្ហ ស្រុក អូរជ្រៅ ។ក្រោយចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនភ្លាមៗទៅកាន់ពន្ធនាគារខេត្តតាមអំណាចអយ្យការ។
បន្ទាប់ពីឃុំខ្លួនរយៈពេលមួយថ្ងៃមួយយប់ជនជាប់ចោទឈ្មោះ ទុយ ស្រស់ ត្រូវបានបញ្ចេញចេញទៅមន្ទីរពេទ្យ បង្អែកមង្គលបូរីដើម្បីព្យាបាល ខណៈជនជាប់ចោទមានអាការៈទ្រុឌទ្រោមខ្លាំង ហើយក៏បានស្លាប់ក្នុងមន្ទីរពេទ្យនោះទៅ។
ជួបជាមួយអ្នកយកព័ត៌មានយើងតាមទូរសព្ទ័ លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ជនជាប់ចោទខាងលើនេះទេដោយលោកសុំទោសថាប៉ូលីសកំពុងធ្វើការហើយ ។
តែទោះជាយ៉ាងណាក៏ដោយក្រុមគ្រួសារជនជាប់ចោទបានអះអាងថា ការស្លាប់នេះគឺបណ្តាលមកពីការធ្វើទារុណកម្មហួសកំណត់ ព្រោះលើរាងកាយរបស់សពមានស្នាមជាំគ្រប់កន្លែងរួមទាំងផ្ទៃមុខផងដែរ ពួកគាត់ក៏បានទាមទារអោយរកយុត្តិធម៌ចំពោះការស្លាប់នេះ៕