ខេត្តបាត់ដំបង ៖ ទីតាំងល្បែងស៊ីសងមួយកន្លែងមិនដែលមានការបង្ក្រាបទេ។ ម្ចាស់ទីតាំងមានឈ្មោះ សុង សុខា ហៅ ម៉ែ អាង៉ោល មានឈ្មោះល្បីពេញក្រុងបាត់ដំបង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង តែគេឧស្សាហ៍ឃើញមន្ត្រីសមត្ថកិច្ចចេញចូលទៅជួបម៉ែអាង៉ោលជាញឹកញាប់ដែរ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងស៊ីសងមួយកន្លែងនេះ បានបើកលេងជាយូរណាស់មកហើយ តែគ្មានអាជ្ញាធរ ឬសមត្ថកិច្ចនៅក្នុងមូលដ្ឋានណាម្នាក់ចុះធ្វើការបង្ក្រាបឡើយ បណ្ដោយឲ្យក្រុមអ្នកញៀនល្បែងទាំងនោះ បើកលេងយ៉ាងអនាធិបតេយ្យ ដោយមិនគិតពីភាពអសន្តិសុខ និងសុវត្ថិភាពនៅក្នុងភូមិ ឃុំនោះឡើយ។
ប្រជាពលរដ្ឋជាច្រើននៅជិតទីនោះ បានអំពាវនាវទៅដល់ លោកអភិបាលនៃគណៈអភិបាលខេត្តលោក ងួន រតនៈ និងលោកឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការខេត្ត សូមមេត្ដាមានចំណាត់ការចំពោះមន្ត្រីក្រោមឱវាទឲ្យធ្វើការចុះចាប់បង្ក្រាបទីតាំងនេះផង។
ពលរដ្ឋរិះគន់ថា ទំនងជាអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយ ទើបមិនហ៊ានបង្ក្រាបល្បែងស៊ីសង អាប៉ោងមួយកន្លែងនេះ ឬខ្លាចបែកឆ្នាំងទើបមិនហ៊ានបង្ក្រាបបែបនេះ។
នាពេលកន្លងទៅថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។
ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ ត្រូ វបា នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញ ទន្ទឹមនឹងការ គាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិឃុំ ត្រង់ថាល្បែងសុីសងមួយកន្លែង ដែលមានទីតាំងនៅភូមិចំកាសំរោង ១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បាននឹងកំពុងបើកលេងរាល់ថ្ងៃ។
ជុំវិញករណីខាងលើនេះ លោកអធិការក្រុងបាត់ដំបង បានប្រាប់ថា លោកមានកិច្ចសន្យានៅក្នុងដៃអស់ហើយចំពោះករណីល្បែងស៊ីសងខាងលើនេះ ប៉ុន្ដែមួយរយៈពេលនេះគឺលោកជាប់រវល់ការងារ។
ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើល ថាតើអាជ្ញាធរ និងសមត្ថកិច្ចមានចំណាត់ការបែបណាទៅលើល្បែងស៊ីសងនិងអាប៉ោងមួយកន្លែងនេះ៕