វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានព្រមានវាយប្រហារលើទីតាំងចំនួន ៥២កន្លែងរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានធ្វើសកម្មភាពសងសឹកមកលើពលរដ្ឋ កងទ័ព ឬក៏មូលដ្ឋានទ័ពរបស់អាមេរិក។ នេះបើតាមសារព័ត៌មាន CNA។
លោក ដូណាល់ ត្រាំ បានប្រកាសគំរាមធ្ងន់ៗបែបនេះ នៅលើបណ្តាញសង្គម Twitter ដោយលោកបានសរសេរថា អ៊ីរ៉ង់ពិតជាហ៊ានខ្លាំងណាស់ តាមរយៈការចង់វាយប្រហារសងសឹកមកលើអាមេរិក ដើម្បីឆ្លើយតបចំពោះការធ្វើឃាតលោក កាស្សេម សូឡៃមេនី (Qassem Soleimani) បន្ទាប់ពីមេទ័ពឆ្មាំបដិវត្តន៍ អ៊ីរ៉ង់ម្នាក់បានព្រមានថា ទីតាំងឈរជើងទាំង ៣៥ របស់អាមេរិកនៅមជ្ឈិមបូព៌ា នឹងមិនអាចគេចផុតពីមីស៊ីលរបស់អ៊ីរ៉ង់ជាដាច់ខាត។
ខាងក្រោមជាសារព្រមានរបស់ លោក ដូណាល់ ត្រាំ ៖
*គាត់ (មេទ័ពដែលត្រូវបានសម្លាប់) បានវាយប្រហារស្ថានទូតរបស់យើងរួចមកហើយ ហើយត្រៀមរៀបចំវាយប្រហារនៅទីតាំងផ្សេងទៀត។ ប្រសិនបើកអ៊ីរ៉ង់ វាយប្រហារជនជាតិអាមេរិកណាមួយ ឬទ្រព្យសម្បត្តិអាមេរិក យើងបានត្រៀមកម្ទេចទីតាំងអ៊ីរ៉ង់ ៥២កន្លែង (ដែលតំណាងឱ្យចំណាប់ខ្មាំងជនជាតិអាមេរិក ៥២នាក់ ត្រូវបានចាប់ខ្លួនដោយអ៊ីរ៉ង់ជាច្រើនឆ្នាំកន្លងទៅ) ។
*ពួកគេវាយប្រហារយើង & យើងវាយបកវិញ។ ប្រសិនបើពួកគេវាយប្រហារម្តងទៀត ខ្ញុំនឹងផ្តល់ដំបូន្មានឱ្យពួកគេថាកុំធ្វើអ៊ីចឹង ពោលគឺយើងនឹងវាយប្រហារពួកគេកាន់តែខ្លាំងដែលពួកគេមិនដែលជួបពីមុនមកឡើយ។
*សហរដ្ឋអាមេរិក ទើបតែចំណាយ ២ទ្រីលានដុល្លារ ទៅលើឧបករណ៍យោធា។ យើងគឺជាប្រទេសធំបំផុត និងល្អបំផុតក្នុងពិភពលោក! ប្រសិនបើអ៊ីរ៉ង់វាយប្រហារមូលដ្ឋានអាមេរិកណាមួយ ឬជនជាតិអាមេរិកណាមួយ យើងនឹងបញ្ជូនសព្វាវុធស្អាតម៉ាកថ្មី ដោយគ្មានការស្ទាក់ស្ទើរ៕