មនុស្សស្លាប់៤០នាក់ របួស២១៣នាក់ ដោយសាររត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពអ៊ីរ៉ង់ 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 January, 2020 ក+ ក-

តេហេរ៉ង់ ៖ ប្រជាជនអ៊ីរ៉ង់៤០នាក់បានបាត់បង់ជីវិត និងរាប់រយនាក់ទៀតទទួលរងរបួស ដោយសារការរត់ជាន់លើគ្នានៅក្នុងពិធីបុណ្យសព លោក កាស្សេម សូឡៃមេនី (Qassem Soleimani) មេទ័ពកំពូលមួយរូបនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់។ នេះបើតាមសារព័ត៌មាន Al Jazeera។

មន្ត្រីគ្រប់គ្រងគ្រាមានអាសន្នអ៊ីរ៉ង់បានប្រាប់ទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ង់ថា ប្រជាជនដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសពចំនួន៤០នាក់ និង២១៣នាក់ទៀតទទួលរងរបួសដោយសារហេតុនេះហើយ ទើបពិធីបញ្ចុះសពលោក Soleimani ត្រូវបានពន្យារពេលសិន ហើយការកំណត់ថ្មី នឹងត្រូវប្រកាសនាពេលក្រោយទៀត។

ពិធីបុណ្យសពលោកមេទ័ពអ៊ីរ៉ង់ Qassem Soleimani ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវបានចូលរួមដោយប្រជាជនអ៊ីរ៉ង់យ៉ាងច្រើនកកុញ ជាហេតុធ្វើឲ្យពិធីទាំងមូល ពិបាកក្នុងការ រក្សារបៀបរៀបរយ។ លោក Soleimani ដែលមួយរយៈចុងក្រោយនេះមានភាពល្បីល្បាញខ្លាំងក្នុង ទំព័រសារព័ត៌មានអន្តរជាតិ តាមរយៈការព្រមានសហរដ្ឋអាមេរិក ជាបន្តបន្ទាប់នោះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកងទ័ពអាកាសអាមេរិក លើទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន៕